លោកខាលីដ មេសាល ដែលបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាតរបស់អ៊ីស្រាអែល ត្រូវរំពឹងថាជាមេដឹកនាំថ្មីក្រុមហាម៉ាស

លោក ខាលីដ មេសាល (Khaled Meshaal) ដែលត្រូវបានគេរំពឹងថានឹងក្លាយជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស ត្រូវបានគេស្គាល់នៅជុំវិញពិភពលោកក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីភ្នាក់ងារអ៊ីស្រាអែលបានចាក់ថ្នាំពុលប៉ុនប៉ងធ្វើឃាតដ៏សាហាវមួយនៅតាមផ្លូវមួយនៅខាងក្រៅការិយាល័យរបស់លោកក្នុងរដ្ឋធានីអាម៉ង់(Amman) របស់ប្រទេសហ្ស៊កដានី។

ក្ដីរំពឹងពីការតែងតាំងមេដឹកនាំថ្មីនេះ កើតឡើងបន្ទាប់ពីមេដឹកនាំរបស់ក្រុមហាម៉ាស លោក Ismail Haniyeh វ័យ ៦២ ឆ្នាំត្រូវបានសម្លាប់ ក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីលំនៅឋានរបស់លោកត្រូវបានដាក់គោលដៅ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

ការវាយប្រហារប្រឆាំងនឹងឥស្សរជនជាន់ខ្ពស់ដ៏សំខាន់មួយរូបនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបញ្ជាដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានធ្វើឱ្យព្រះមហាក្សត្រហ្ស៊កដានី Hussein នៅពេលនោះ ខ្ញាល់យ៉ាងខ្លាំង ដែលព្រះអង្គបានមានព្រះបន្ទូលអំពីការព្យួរកឃាតករ និងលុបចោលសន្ធិសញ្ញាសន្តិភាពរបស់ហ្ស៊កដានីជាមួយអ៊ីស្រាអែល លុះត្រាតែប្រគល់ថ្នាំបន្សាប។

សម្រាប់អ្នកគាំទ្រប៉ាឡេស្ទីន លោក មេសាល និងថ្នាក់ដឹកនាំក្រុមហាម៉ាសដែលនៅសល់ គឺជាអ្នកប្រយុទ្ធដើម្បីរំដោះពីការកាន់កាប់ពីដៃអ៊ីស្រាអែល ដោយរក្សាបុព្វហេតុរបស់ពួកគេឱ្យនៅរស់ នៅពេលដែលការទូតអន្តរជាតិបានបរាជ័យ។

លោកមេសាល វ័យ៦៨ ឆ្នាំបានក្លាយជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសនិរទេសខ្លួនមួយឆ្នាំមុនអ៊ីស្រាអែលព្យាយាមលុបបំបាតរូបលោក ជាតំណែងមួយដែលអាចតំណាងឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅឯកិច្ចប្រជុំជាមួយរដ្ឋាភិបាលបរទេសជុំវិញពិភពលោក ដោយមិនមានការរារាំងការរឹតបន្តឹងលើការធ្វើដំណើរពីសំណាក់អ៊ីស្រាអែលដែលប៉ះពាល់ដល់ក្រុមមន្ត្រីហាម៉ាសផ្សេងទៀត៕