លោក ត្រាំ មិនដឹងត្រូវចរចាជាមួយនរណា ព្រោះមិនច្បាស់ថា មេដឹកនាំអ៊ីរ៉ង់ថ្មី ស្លាប់ ឬ អត់​

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃចន្ទថា លោកមិនដឹងថា តើមេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ លោក Mojtaba Khamenei នៅមានជីវិត ឬ ក៏អត់ នោះទេ។ លោក បានបន្ថែមថា ការណ៍នេះ នាំឲ្យទីក្រុងវ៉ាស៊ីនតោន មិនច្បាស់ថា តើខ្លួនអាចចរចា ជាមួយអ្នកណា នៅក្នុងទីក្រុងតេហេរ៉ង់ អំឡុងពេលនេះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន ថា «យើងមិនដឹងថា តើគាត់ស្លាប់ឬអត់»។ លោក បន្តថា «មនុស្សជាច្រើន និយាយថា គាត់របួសយ៉ាងធ្ងន់ធ្ងរ..ពួកគេនិយាយថា គាត់បានបាត់បង់ជើង…អ្នកផ្សេងទៀត និយាយថា គាត់ស្លាប់។ គ្មាននរណាម្នាក់ និយាយថា គាត់មានសុខភាពល្អ ១០០ ភាគរយនោះទេ.. អ្នកដឹងហើយថា គាត់មិនបាននិយាយនោះឡើយ» ។

មេដឹកនាំ វ័យ៧៩ឆ្នាំ រូបនេះ អះអាងថា ភាពមិនច្បាស់លាស់នេះ ធ្វើឲ្យពិបាក ដល់ការចរចា ព្រោះថា មិនដឹងត្រូវចរចា ជាមួយមេដឹកនាំអ៊ីរ៉ង់ រូបណា។

លោក ដូណាល់ ត្រាំ រៀបរាប់ថា «យើងមិនដឹងថា នឹងត្រូវដោះស្រាយបញ្ហាសង្គ្រាមនេះ ជាមួយអ្នកណាទេ នៅអ៊ីរ៉ង់….យើងមិនដឹងថា នរណាជាមេដឹកនាំ ពិតប្រាកដរបស់ពួកគេ»។

គួរបញ្ជាក់ថា លោក Mojtaba Khamenei ត្រូវបានអ៊ីរ៉ង់ ប្រកាសតែងតាំង ឲ្យធ្វើជាមេដឹកនាំកំពូលថ្មី ជំនួសឱពុក គឺ លោក Ali Khamenei ដែលបានស្លាប់បាត់បង់ជីវិត អំឡុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីចុងខែមុន៕

ប្រភពពី AFP