តួកគី សំងំផលិតទូកអត្តឃាតគ្មានមនុស្សបើក ដាក់ឈ្មោះតាមត្រីស៊ីមនុស្សនៅព្រៃអាម៉ាហ្សូន

អង់ការ៉ា ៖ ប្រទេសតួកគីកំពុងសំងំផលិតទូកអត្តឃាតគ្មានមនុស្សបើក Kamikaze ដែលមានតម្លៃថោក តែសមត្ថភាពប្រយុទ្ធខ្ពស់ ដោយដាក់ឈ្មោះ PIRANA ជាត្រីស៊ីមនុស្សមួយប្រភេទនៅព្រៃអាម៉ាហ្សូន ។

ទូកអត្តឃាតគ្មានមនុស្សបើកនេះផលិតដោយក្រុមហ៊ុនរដ្ឋតួកគី MKE ដោយមានសមត្ថភាពបើកបុកបំផ្ទុះកម្ទេចនាវាចម្បាំង និងហេដ្ឋារចនាសម្ព័ន្ធជាប់ឆ្នេរសមុទ្ររបស់សត្រូវ ក្នុងចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រ ។

បើតាម Interesting engineering, ទូកអត្តឃាតគ្មានមនុស្សបើក PIRANA មានប្រវែង ៤ ម៉ែត្រកន្លះ កម្ពស់ ១ ម៉ែត្រ និង ៦ សង់ទីម៉ែត្រ និងមានទទឹងប្រវែង ៣៥ សង់ទីម៉ែត្រ ។ វាដំណើរការដោយប្រេងម៉ាស៊ូត និងមានសមត្ថភាពរត់លើទឹកក្នុងល្បឿនជាង ៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង ។

រចនាឡើងបំពាក់ដោយបច្ចេកវិទ្យាសម្របខ្លួននឹងលក្ខខណ្ឌផ្ទៃសមុទ្រក្នុងកម្រិត Sea State 4, ទូកអត្តឃាតគ្មានមនុស្សបើក PIRANA មានសមត្ថភាពធ្វើប្រតិបត្តិការក្នុងចម្ងាយរហូតដល់ ៣៥៤ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ផ្ទុះកម្រិតខ្ពស់ក្នុងទម្ងន់ដល់ទៅ ១០០ គីឡូក្រាម ។

ទូកអត្តឃាតគ្មានមនុស្សបើក PIRANA រំពឹងថា នឹងដាក់ឱ្យចូលរួមបេសកកម្មជាមួយទូកប្រយុទ្ធគ្មានមនុស្សបើកដទៃទៀតរបស់ប្រទេសតួកគី មានដូចជា ULAQ KAMA, ALBATROS និង ÇAKA ដោយទូកដ្រូនចម្បាំងទាំងអស់នេះ ត្រូវបានបង្កើតឡើងសម្រាប់ប្រតិបត្តិការវាយប្រហារបំផ្លាញសមត្ថភាពកងទ័ពជើងទឹករបស់សត្រូវ ។

ក្រៅពីទូកអត្តឃាតគ្មានមនុស្សបើក, តួកគីក៏មានគម្រោងដាក់ពង្រាយយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងបង្អស់ក្នុងលោក Kizilelma ឱ្យចូលរួមក្នុងប្រតិបត្តិការទាំងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ កងទ័ពជើងអាកាស និងជើងទឹកតួកគី ក្នុងអំឡុងឆ្នាំ ២០២៦ នេះផងដែរ ៕

ប្រភព ៖ Interesting engineering