លោក គីម ជុង អ៊ុន ថា អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង រារាំងមិនឲ្យកើតមានសង្គ្រាមក្នុងប្រទេស

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានប្រាប់សភាជាតិនៅអង្គារនេះថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបាននិងកំពុងរារាំងមិនឲ្យកើតមានសង្គ្រាមនៅក្នុងប្រទេស ហើយកូរ៉េខាងជើងនឹងបន្តផលិតអាវុធប្រល័យលោកទាំងនេះ ដោយគ្មានដែនកំណត់ ដើម្បីទុកការពារខ្លួន ។

បើតាម KCNA, លោក គីម ជុង អ៊ុន រៀបរាប់ថា ការពង្រឹងកម្លាំងអាវុធនុយក្លេអ៊ែរ មានសារៈសំខាន់ ចំពោះសន្តិសុខជាតិ, ស្ថិរភាពក្នុងតំបន់ និង ការអភិវឌ្ឍសេដ្ឋកិច្ច ។ លោកថា ការរក្សាកម្លាំងនុយក្លេអ៊ែរ ជាមួយនឹងការបន្តអភិវឌ្ឍន៍អាវុធប្រភេទនេះ គឺជាជម្រើសយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ។

លោក គីម ជុងអ៊ុន បញ្ជាក់ថា ការមានអាវុធនុយក្លេអ៊ែរអាចទប់ស្កាត់ការរំលោភបំពានដោយកម្លាំងឯកតោភាគី និងអំពើហឹង្សា ជាពិសេសវាអាចទប់ស្កាត់សង្គ្រាមបានផងដែរ ។

លោកបញ្ជាក់ថា ការណ៍នេះអនុញ្ញាតឱ្យប្រទេសជាតិ មានពេលវេលា ផ្តោតលើកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ស្តង់ដាររស់នៅ ។

យ៉ាងណា អ្នកវិភាគនៅក្នុងប្រទេសកូរ៉េខាងត្បូងមើលឃើញការអត្ថាធិប្បាយនេះថា ជាការរិះគន់ដោយប្រយោល ចំពោះសកម្មភាពយោធា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ទៅវិញទេ ៕

ប្រភពពី CNA