ឯកឧត្តម គួច ចំរើន ជម្រុញដល់មន្ត្រីក្រោមឱវាទ ពង្រឹងលើការបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង

ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច នៃរដ្ឋបាលក្រុងអរិយក្សត្រ ដើម្បីបង្កើនភាពស្និតស្នាល និងពង្រឹងលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ គ្រប់អង្គភាព មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក ដល់រដ្ឋបាលក្រុងអរិយក្សត្រត្រូវដឹកនាំមន្រ្តី ឱ្យបន្តខិតខំបំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត ត្រូវកែប្រែឥរិយាបទពីអ្នកគ្រប់គ្រងទៅជាអ្នកបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងមូលដ្ឋានដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយឡើយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីជាគឺជាអ្នកបំរើសរាស្ត្រ មិនមែនជាចៅវាយនាយរបស់រាស្ត្រឡើយ ដូច្នេះក្នុងនាមជាមន្ត្រីត្រូវខិតខំធ្វើយ៉ាងណាសហការគ្នាគិតខំដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ឆ្លើយតបឲ្យបានទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវរួមសហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានគាប់ប្រសើរ ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់អាជ្ញាធរ។

នាឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់រដ្ឋបាលក្រុងអរិយក្សត្រ ពាក់ព័ន្ធនឹងការរៀបចំតែងតាំងមន្ត្រីក្នុងប្រអប់ដែលទំនេរឱ្យអស់ ដើម្បីពង្រឹងរចនាសម្ព័ន្ធ បង្កើនប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារឲ្យទៅមុខ ហើយការតែងតាំងគួរផ្ដល់អទិភាពទៅលើស្ត្រី ជាពិសេសត្រូវគិតគូរទៅលើ ការដំឡើងថ្នាក់មន្ត្រីកុំមានភាពយឺតយ៉ាវតាមឆ្នាំ និងតាមសញ្ញាប័ត្រជាក់ស្ដែងរបស់មន្ត្រី ដើម្បីឱ្យពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះគឺជាលើដំបូងសម្រាប់ក្រុងអារីក្សត្រ បន្ទាប់ពី ឯកឧត្តម គួច ចំរើន បានចូលកាន់មុខតំណែងអភិបាលខេត្ត រយៈពេល ១ខែជាង ហើយឯកឧត្ដមអភិបាលខេត្ត ក៏បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបានមានប្រសាសន៍ពីប្រវត្តផ្ទាល់ខ្លួន ការឆ្លងកាត់របបនយោបាយ ការសិក្សារៀនសូត្រ បទពិសោធន៍ និងប្រវត្តិការងារ ដើម្បីបង្កើនភាពស្និទ្ធស្នាល ស្គាល់គ្នាឱ្យកាន់ជិតស្និទ្ធ ជាមួយរដ្ឋបាលក្រុងអរិយក្សត្រ ងាយស្រួលទំនាក់ទំនងការងារជាមួយគ្នា បានកាន់តែប្រសើរបន្ថែមទៀត៕ ដោយ៖ កន ចំណាន


Comments

Leave a Reply

Your email address will not be published. Required fields are marked *