[UPDATE] ក្រុមអ្នកតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍សម្រុកចេញតវ៉ាទូទាំងអង់គ្លេសក្រោយកុបកម្មក្រុមស្ដាំនិយមជ្រុល

ក្រុមអ្នកតវ៉ាប្រឆាំងតបរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង និងទីប្រជុំជននានាទូទាំងដែនដីអង់គ្លេស បន្ទាប់ពីកុបកម្មរយៈពេលមួយសប្តាហ៍ និងការជួបជុំគ្មានសណ្តាប់ធ្នាប់ បង្កឡើងដោយក្រុមស្ដាំនិយមជ្រុលប្រឆាំងជនអន្តោប្រវេសន៍។

ការប្រមូលផ្តុំគ្នានៅក្នុងទីតាំងដែលការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍ត្រូវបានគេរំពឹងទុក រួមទាំងភាគខាងជើងទីក្រុងឡុងដ៍្រ ទីក្រុង ប្រ៊ីស្តូល (Bristol) និង ញ៉ូវកាហ្សល (Newcastle) ភាគច្រើនជាការជួបជុំដោយស្ងៀមស្ងាត់ ដោយក្រុមអ្នកតវ៉ាប្រឆាំងតបបានស្រែកថា “ជនភៀសខ្លួនត្រូវបានស្វាគមន៍នៅទីនេះ” ។

កងកម្លាំងនគរបាលត្រូវបានត្រៀមទប់ទល់អំពើហិង្សាបន្ថែមទៀត ដោយមានមន្ត្រីរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ និងរំពឹងថានឹងមានការប្រមូលផ្ដុំជាង១០០កន្លែងនៅទូទាំងដែនដីអង់គ្លេស។

អំពើហិង្សានៅក្នុងទីប្រជុំជន និងទីក្រុងនានាទូទាំងប្រទេសអង់គ្លេស និងនៅអៀរឡង់ខាងជើង ត្រូវបានដុតបញ្ឆេះដោយព័ត៌មានមិនពិតតាមអ៊ីនធឺណិត មនោសញ្ចេតនានិយមជ្រុល និងប្រឆាំងអន្តោប្រវេសន៍។ កុបកម្មជាបន្តបន្ទាប់ត្រូវបានបង្កឡើងដោយព័ត៌មានមិនពិតតាមអ៊ីនធឺណិតដែលថាជនសង្ស័យចាក់សម្លាប់ក្មេងស្រីតូចៗបីនាក់នៅទីក្រុង Southport កាលពីថ្ងៃទី ២៩ ខែកក្កដា គឺជាអ្នកស្វែងរកសិទ្ធិជ្រកកោនមូស្លីម។

វិហារអ៊ីស្លាម និងសណ្ឋាគារដែលប្រើជាលំនៅដ្ឋានសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ស្ថិតក្នុងចំណោមកន្លែងដែលជាគោលដៅក្នុងអំឡុងពេលមានវិបត្តិ ដោយហាងទំនិញមួយចំនួនត្រូវបានដុតបំផ្លាញ និងលួចយករបស់របរផ្សេងៗ។

មានការចាប់ខ្លួនមនុស្សជាង ៤០០នាក់ ពាក់ព័ន្ធនឹងកុបកម្ម ក្នុងនោះមនុស្សជាង ១៤០ នាក់ត្រូវបានចោទប្រកាន់ និងមួយចំនួនត្រូវបានកាត់ទោសរួចហើយ៕