តុលាការធម្មនុញ្ញថៃ សម្រេចរំលាយបក្សជំទាស់ឆ្ពោះទៅមុខ និងហាមឃាត់អ្នកនយោបាយជាន់ខ្ពស់បក្សនោះមិនឱ្យធ្វើនយោបាយរយៈពេល១០ឆ្នំា

ថៃឡង់ដ៍៖ បើផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងកាលពីរសៀលថ្ងៃពុធថា តុលាការធម្មនុញ្ញរបស់ព្រះរាជាណាចក្រថៃឡង់ដ៍សម្រេចរំលាយគណបក្សជំទាស់ គឺគណបក្សឆ្ពោះទៅមុខ ឬហៅកាត់ថា(MFP) ហើយធ្វើការហាមឃាត់មិនអនុញ្ញាតឱ្យគណៈក្រុមប្រឹក្សាប្រតិបត្តិប្រមាណជា១១រូបចូលរួមធ្វើនយោបាយរយៈពេល១០ឆ្នំា នេះបើតាមលោកចៅក្រម ប៉ុនយ៉ា ឧចាចន(Punya Udchachon)បានលើកឡើង។
លោកចៅក្រមដដែលបានគូសបញ្ជាក់បែបសង្ខេបថា ការរំលាយគណបក្ស និងហាមឃាត់អ្នកនយោបាយដ៏មានប្រជាប្រិយភាពបំផុតរបស់ព្រះរាណាចក្រនេះ ដោយសារតែអ្នកនយោបាយរូបនោះមានចេតនាប៉ុនប៉ងដើម្បីធ្វើកំណែទម្រង់ច្បាប់បណ្តឹងព្រះរាជបរិហារកេរ្តិ៍ ដែលជាការប៉ះពាល់ដល់កិត្យានុភាពនៃរាជបល្ល័ង្ក។
ដោយឡែកប្រព័ន្ធផ្សព្វផ្សាយរបស់ថៃវិញ បានរាយការណ៍ឱ្យដឹងបន្ថែមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោក ភីថា មានអាយុ៤៣ឆ្នំា ជាអ្នកកំណែទម្រង់ដ៏មុតស្រួចរបស់បក្សឆ្ពោះទៅមុខ ដែលធ្លាប់ធ្វើឱ្យរង្គើនូវលទ្ធផលបោះឆ្នោតជាទូទៅមួយកាលពីឆ្នំាមុន បន្ទាប់ពីឆក់យកបេះដូងក្រុមយុវជន និងអ្នកបោះឆ្នោតនៅក្នុងទីក្រុង ដែលកាលណោះ លោកភីថា ធ្លាប់បានសន្យាថា លោកនឹងធ្វើកំណែទម្រង់ច្បាប់បណ្តឹងបរិហារកេរ្តិ៍ដ៏តឹងរ៉ឹងរបស់ព្រះរាជាណាចក្រនេះឱ្យមានស្ថានទោសស្រាលជាងកាលពីលើកមុន។
នៅក្នុងគ្រាដ៏សោកសៅនេះដែរ លោកភីថា បានថ្លែងនៅក្នុងសន្និសីទមួយកាលពីល្ងាចថ្ងៃពុធថា “ថ្ងៃនេះយើងទទួលនូវភាពសោកសៅ ប៉ុន្តែសម្រាប់ថ្ងៃស្អែកយើងនឹងបន្តដំណើរឆ្ពោះទៅមុខទៀត សូមពួកយើងកុំសោកសៅតាមរយៈយន្តការបែបនេះឡើយ ហើយយើងនឹងទម្លាក់នូវសន្លឹកឆ្នោតសម្រាប់ពេលបន្ទាប់ទៀត”។
តាមប្រព័ន្ធផ្សព្វផ្សាយដដែលនេះ បានបន្ទរទៀតថា សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក និងអង្គការសហប្រជាជាតិ រួមទំាងក្រុមសិទ្ធិមនុស្សបានធ្វើការរិះគន់ទៅលើការសម្រេចរបស់តុលាការធម្មនុញ្ញថៃ ខណៈសហភាពអឺរ៉ុបបានលើកឡើងថា ការណ៍នេះវានំាឱ្យមានការប៉ះពាល់និងរងគ្រោះដល់ភាពបើកចំហលទ្ធិប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍។
តាមរយៈអ្នកនំាពាក្យរបស់សហភាពអឺរ៉ុបបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “គ្មានប្រព័ន្ធប្រជាធិតេយ្យណាមួយអាចដំណើរការបាននោះទេ ប្រសិនបើគ្មានគណបក្ស និងបេក្ខជនគណបក្សដែលពលរដ្ឋមិនស្រឡាញ់នោះ”។
ដោយឡែកអ្នកនំាពាក្យក្រសួងការបរទេសអាម៉េរិក លោកម៉ាត់ធូ មៀល័រ(Matthew Miller) បានលើកឡើងដែរថា “ការសម្រេចរបស់តុលាការធម្មនុញ្ញបែបនេះ ដូចជាការលើកទឹកចិត្តដល់ពលរដ្ឋថៃឱ្យកាន់តែមានភាពខ្លំាងបន្តទៀត សម្រាប់អនាគតលទ្ធិប្រជាធិបតេយ្យនៅក្នុងរាជាណាចក្រមួយនេះ”។
រីឯអ្នកនាំពាក្យរងលោក ហ្វារហាន់ ហាក់ (Farhan Haq)របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិវិញបានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃនេះដែរថា “វាជាការធ្វើដំណើរថយក្រោយនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ និងសេរីភាពបញ្ចេញមតិរួមទំាងសេរីភាពនៃការជួបជុំជាមូលដ្ឋានផងដែរ”។
ចំពោះក្រុមមហាជនវិញ តាមរយៈកិច្ចសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានផ្សាយឱ្យដឹងនៅព្រឹកថ្ងៃនេះថា តុលាការមិនអាចរំលាយគណបក្សនៅក្នុងបេះដូងរបស់ពួកគេឡើយ។ អ្នកលក់ដូរម្នាក់ឈ្មោះ សាខុម កំាតាឡំាង(Sakhorn Kamtalang)អាយុ៦០ឆ្នំា បានផ្តល់កិច្ចសម្ភាសន៍ថា “ចំពោះខ្ញុំ លោកភីថា នៅតែជានាយករដ្ឋមន្រ្តីរបស់ខ្ញុំដដែល”។
គួរបញ្ជាក់ដែរថា គណបក្សឆ្ពោះទៅមុខរបស់លោកភីថា មានអាសនៈនៅក្នុងសភាចំនួន១៤៨អាសនៈ នៅក្នុងចំណោមសមាជិកសភាពសរុបចំនួន៥០០អាសនៈ។
ប្រទេសថៃ គឺជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ធំលំដាប់ទី២នៅក្នុងតំបន់អាស៊ាន ហើយក៏ជាប្រជាជាតិមួយល្បីល្បាញផ្នែកអស្ថេរភាពរុំារ៉ៃលើទិដ្ឋភាពនយោបាយរបស់ខ្លួន ដោយភ្ជាប់នឹងសាវតារធ្វើរដ្ឋប្រហារជាញឹកញាប់ ចាប់តំាងពីការបញ្ចប់នូវរបបរាជាសម្បូរណ៌អាជ្ញាព្រឹត្តិកាលពីឆ្នំា១៩៣២នោះមក៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters