[UPDATE] ការប្រគំតន្ត្រីរបស់រាតាចម្រៀង Taylor Swift នៅអូទ្រីស ត្រូវបានលុបចោល ព្រោះបារម្ភពីការវាយប្រហារ

ការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងអាមេរិក នាង Taylor Swift ចំនួន៣ទីតាំងនាពេលខាងមុខ នៅទីក្រុងវីយែន (Vienna)ប្រទេសអូទ្រីស ត្រូវបានលុបចោល បន្ទាប់ពីមានការគំរាមកំហែងផ្នែកសន្តិសុខ។

ព្រឹត្តិការណ៍ទាំងនេះ ដែលជាផ្នែកមួយនៃតន្ត្រីទេសចរណ៍ (Eras tour) របស់កំពូលតារាចម្រៀងប៉ុប នាង Taylor Swift នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍នេះ នៅឯកីឡដ្ឋាន អ៊នធ៍ ហាផល (Ernst Happel) ដោយមន្ត្រីនគរបាលរំពឹងថានឹងមានអ្នកចូលរួមប្រហែល៦៥.០០០នាក់ក្នុងមួយថ្ងៃ។

កាលពីថ្ងៃពុធ មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរៀបចំផែនការវាយប្រហាររបស់ក្រុមអ៊ីស្លាមនិយមជ្រុលលើព្រឹត្តិការណ៍ធំៗនៅក្នុងតំបន់ជុំវិញរដ្ឋធានីអូទ្រីស។

សេចក្តីថ្លែងការណ៍របស់ក្រុមអ្នករៀបចំព្រឹត្តិការណ៍បាននិយាយថា ព្រោះតែការបញ្ជាក់ដោយក្រុមមន្ត្រីរដ្ឋាភិបាលអំពីផែនការវាយប្រហារភេរវកម្មដែលបានគ្រោងទុកនៅកីឡដ្ឋាននេះ យើងគ្មានជម្រើស ក្រៅពីលុបចោលការប្រគំតន្ត្រី ដែលបានគ្រោងទុកចំនួន៣ដើម្បីសុវត្ថិភាពរបស់អ្នកគ្រប់គ្នា។

សេចក្តីថ្លែងការណ៍បានបន្ថែមថា តម្លៃជាវសំបុត្រទាំងអស់នឹងត្រូវបានបង្វិលទៅឲ្យក្រុមអ្នកគាំទ្រវិញ ដោយស្វ័យប្រវត្តិក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់៕