មនុស្ស ៤៥នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅប្រទេសយេម៉ែន

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យមនុស្ស ៤៥នាក់ស្លាប់នៅក្នុងប្រទេសយេម៉ែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នេះបើយោងតាមតួលេខដែលបានផ្តល់ឱ្យកាលពីថ្ងៃពុធ (០៧ សីហា) ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងមន្ត្រីក្នុងតំបន់។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ទឹកជំនន់ដ៏គំហុកបានធ្វើឱ្យមនុស្ស ១៥នាក់ស្លាប់នៅតំបន់ ម៉ាកបាណា (Maqbanah) ក្នុងខេត្តភាគនិរតី តាអេស (Taez) កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

នៅក្នុងតំបន់ ហូដៃដា (Hodeida) ដែលកាន់កាប់ដោយក្រុមឧទ្ទាមហ៊ូទី លោកអភិបាល ម៉ូហាម៉េដ កាហ៊ីម (Mohamed Qahim) បានប្រាប់ទូរទស្សន៍ អាល់-ម៉ាស៊ីរ៉ា (Al-Masirah) របស់ពួកឧទ្ទាមថា មនុស្ស ៣០នាក់បានស្លាប់ និង ៥នាក់កំពុងបាត់ខ្លួននៅក្នុងទឹកជំនន់ ដោយបន្ថែមថាមនុស្សជាង ៥០០នាក់ត្រូវបានជម្លៀសខ្លួន។

ទីភ្នាក់ងារមនុស្សធម៌ OCHA បាននិយាយថា ទឹកជំនន់នៅខេត្ត Taez បានប៉ះពាល់ដល់មនុស្ស ១០.០០០នាក់ ហើយបានបណ្តាលឱ្យអណ្តូង ៨០កន្លែងត្រូវបានកប់ ដីស្រែត្រូវជន់លិច និងផ្ទះសម្បែងត្រូវបានខូចខាត ដោយលើកឡើងពី «ការលំបាកក្នុងការចូលទៅដល់ទីតាំងរងគ្រោះ» និងកង្វះខាតថវិកាសម្រាប់ភ្នាក់ងារជំនួយ។

តំបន់ជាច្រើននៅទូទាំងយេម៉ែន បានឃើញភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ចាប់តាំងពីចុងខែកក្កដាមក ដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនជាច្រើននៅក្នុងប្រទេសដែលរងគ្រោះដោយសង្គ្រាមមួយនេះ។ ទីភ្នាក់ងារ OCHA បាននិយាយថាទឹកជំនន់នេះក៏បានបំផ្លាញផ្ទះសម្បែងជាង ១.០០០ខ្នងសម្រាប់ប្រជាជនដែលផ្លាស់ទីលំនៅ ដោយបន្ថែមថាប្រហែល ២.០០០គ្រួសារត្រូវបានរងផលប៉ះពាល់៕