ប្រជាជនវេណេស៊ុយអេឡា រៀបចំពិធីដុតទៀន ដើម្បីទាមទារឲ្យដោះលែងអ្នកទោសនយោបាយ

ប្រជាជនវេណេស៊ុយអេឡា បានរៀបចំពិធីដុតទៀន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ ដែលត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកNicolas Maduro ។ ក្រុមប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស បានរៀបចំព្រឹត្តិការណ៍នេះ នៅទីលានសាធារណៈមួយកន្លែង នៅភាគខាងកើតទីក្រុង ការ៉ាកាស។ អ្នកចូលរួម បានបង្កើតពាក្យថា «សន្តិភាព» និង «សេរីភាព» ជាមួយនឹងពន្លឺភ្លើងទៀនរបស់ពួកគេ។

ការរៀបចំពិធីនេះ បានបញ្ជាក់ពីស្ថានភាពរបស់បាតុករ សកម្មជន និងមន្ត្រីជាន់ខ្ពស់នយោបាយជាច្រើននាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលមានភាពចម្រូងចម្រាស។ លោក Maduro បាននិយាយថា មនុស្សប្រហែល ២.០០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការធ្វើបាតុកម្ម។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានសម្លាប់។

អង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់ Foro Penal បានចុះបញ្ជីអ្នកជាប់ឃុំឃាំងចំនួន ១.២២៩នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះរួមមានអនីតិជនចំនួន១០៥នាក់។

លទ្ធផលបោះឆ្នោត ដែលបានចេញផ្សាយ បង្កឱ្យមានការចោទប្រកាន់យ៉ាងទូលំទូលាយអំពីការក្លែងបន្លំ និងការតវ៉ា។ ក្រោយមក កងកម្លាំងសន្តិសុខ បានបង្រ្កាបការតវ៉ា ដែលរដ្ឋាភិបាលរបស់លោក Maduro បានចាត់ទុកថាជាផ្នែកមួយនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ គាំទ្រដោយសហរដ្ឋអាមេរិក។

កងកម្លាំងសន្តិសុខប្រទេសវេណេស៊ុយអេឡា កំពុងកំណត់គោលដៅលើអ្នកទាំងឡាយណា ដែលពួកគេនិយាយថា បានប្រព្រឹត្តបទឧក្រិដ្ឋកម្មហិង្សា ក្នុងអំឡុងពេលការតវ៉ាកាលពីពេលថ្មីៗនេះ ជុំវិញការបោះឆ្នោត ដែលមានភាពចម្រូងចម្រាស នៅក្នុងប្រតិបត្តិការមួយដែលគេហៅថា «ផ្តួលរំលំ» ដែលក្រុមតស៊ូមតិ បាននិយាយថា ធ្វើឱ្យក្រុមអ្នកតវ៉ា មានការភ័យខ្លាច។