រុស្ស៊ី បន្តប្រយុទ្ធជាមួយទាហានអ៊ុយក្រែន ក្នុងថ្ងៃទីបីបន្ទាប់ពីការវាយលុកព្រំដែនដ៏ធំ

កងកម្លាំងរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) បានបន្តប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែនក្នុងថ្ងៃទីបី បន្ទាប់ពីពួកគេបានវាយលុកតាមព្រំដែនរុស្ស៊ីក្នុងតំបន់ ឃើកស្ក៍ (Kursk) ដែលជាការវាយប្រហារដ៏ខ្លាំងក្លាមួយទៅលើតំបន់មហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដែលបានបង្ខំឱ្យទីក្រុងមូស្គូ កោះហៅទាហានបម្រុងទៅទប់ទល់។

នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់អ៊ុយក្រែន លើប្រទេសរុស្ស៊ី ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ទាហានអ៊ុយក្រែនប្រហែល ១.០០០នាក់បានឆ្លងកាត់ព្រំដែនរុស្ស៊ី នៅព្រឹកព្រលឹមថ្ងៃទី០៦ ខែសីហា ជាមួយនឹងរថក្រោះ និងរថពាសដែក ដែលអមដោយដោយយានដ្រូនតាមអាកាសជាច្រើន និងបាញ់កាំភ្លើងធំ នេះបើយោងតាមក្រុមមន្ត្រីរុស្ស៊ី។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាត្រូវបានគេរាយការណ៍ថានៅជិតទីក្រុង ស៊ូដហ្សា (Sudzha) ជាទីដែលឧស្ម័នធម្មជាតិរបស់រុស្ស៊ី ហូរចូលអ៊ុយក្រែន ដោយបង្កើនកង្វល់ពីលទ្ធភាពនៃការបញ្ឈប់ភ្លាមៗដល់លំហូរឆ្លងកាត់ទៅកាន់អឺរ៉ុប។ ការវាយលុកនេះបានកើតឡើងជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់រុស្ស៊ី ក្នុងពេលជាង ២ឆ្នាំបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ព និងសេវាសន្តិសុខសហព័ន្ធ (FSB) បានបញ្ឈប់វាយរុលរបស់អ៊ុយក្រែន ហើយកំពុងប្រយុទ្ធជាមួយអង្គភាពរបស់ទីក្រុងគីវ នៅក្នុងតំបន់ Kursk។ យោធាអ៊ុយក្រែន បានបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះការវាយលុកលើតំបន់ Kursk នេះ ខណៈលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បានលើកសរសើរកងទ័ពអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់សមត្ថភាពរបស់ខ្លួន «ក្នុងការធ្វើឱ្យភ្ញាក់ផ្អើល» និងសម្រេចបានលទ្ធផល ប៉ុន្តែលោកមិនបានលើកឡើងចំៗដល់តំបន់ Kursk នោះទេ៕