ជនសង្ស័យដែលគ្រោងវាយប្រហារក្នុងការប្រគំតន្រ្តី Taylor Swift នៅអូទ្រីស ទម្លាយប្រាប់ពីផែនការខ្លួន

អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៨ សីហា) ថា ក្មេងជំទង់ជនជាតិអូទ្រីសម្នាក់ ដែលត្រូវបានចាប់ខ្លួនពីបទគ្រោងវាយប្រហារលើការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងអាមេរិកដ៏ល្បី កញ្ញា ថេល័រ ស្វីស (Taylor Swift) នៅទីក្រុងវីយែន បានគ្រោងវាយប្រហារអត្តឃាត ដែលអាចនឹងធ្វើឱ្យមាន «ការបង្ហូរឈាម» និងបានប្តេជ្ញាចិត្តស្មោះត្រង់ចំពោះក្រុមរដ្ឋអ៊ីស្លាម (IS) ។

លោក ហ្វ្រង់ រូហ្វ (Franz Ruf) អគ្គនាយករងសន្តិសុខសាធារណៈរបស់ប្រទេសអូទ្រីស បានប្រាប់សន្និសីទសារព័ត៌មានមួយថា ជនសង្ស័យដែលជាបុរសវ័យ ១៩ឆ្នាំ មានដើមកំណើតនៅប្រទេសម៉ាសេដូនីខាងជើង បានសារភាពគ្រប់យ៉ាងក្នុងពេលឃុំឃាំង។ លោក Ruf បានបន្ថែមថា ជនសង្ស័យនោះបានស្បថសច្ចាស្មោះស្ម័គ្រជាមួយមេដឹកនាំក្រុម IS នៅតាមអ៊ីនធឺណិត ហើយបានត្រៀមសារធាតុគីមី កាំបិត និងឧបករណ៍បច្ចេកទេសនៅផ្ទះរបស់ខ្លួនក្នុងទីក្រុង ថើនីតស៍ (Ternitz) ដើម្បីរៀបចំការវាយប្រហារ។

ប្រធានចារកម្មជាតិ លោក អូម៉ា ហៃចាវី ផើច្នើ (Omar Haijawi-Pirchner) បាននិយាយថា ជនសង្ស័យរូបនេះកំពុងរៀបចំផែនការវាយប្រហារដ៏បង្ហូរឈាមក្នុងចំណោមអ្នកគាំទ្រតារាចម្រៀង Taylor Swift ប្រមាណ ២០.០០០នាក់ ដែលគ្រោងនឹងប្រមូលផ្តុំនៅខាងក្រៅកីឡាដ្ឋាន អើនស៍ ហាផល (Ernst Happel) ទីក្រុងវីយែន។ យុវជនអូទ្រីសពីរនាក់ផ្សេងទៀតដែលមានអាយុ ១៧និង ១៥ឆ្នាំក៏ត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធ ជុំវិញផែនការដែលបានរាយការណ៍នោះ។

អ្នកជិតខាងម្នាក់បានប្រាប់ទូរទស្សន៍អូទ្រីស ផ្លើស២៤ (Puls24) ថា ជនសង្ស័យនោះមិនចូលក្នុងចំណោមអ្នកដទៃទេ ហើយបានបណ្ដុះពុកចង្ការរបស់ខ្លួនតាមពួកតាលីបង់។ អ្នករៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តីនោះនិយាយថា ខ្លួនបានលុបចោលការប្រគំតន្ត្រីចំនួនបីរបស់ Taylor Swift នៅទីក្រុងវីយែន ដែលត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ដោយនឹងមានអ្នកចូលរួមសរុបចំនួន ៦៥.០០០នាក់។ អ្នកគាំទ្រជាច្រើននាក់ដែលបានធ្វើដំណើរផ្លូវឆ្ងាយទៅទីក្រុងវីយែន បានសម្ដែងការសោកស្ដាយ ខណៈអ្នកខ្លះក៏យល់ពីស្ថានភាពជុំវិញការលុបចោលនោះ៕