មន្ត្រីជំនាញ៖ រាល់សន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូបឋមត្រូវធ្វើការកែចំនួន ២លើក

ការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកចុងក្រោយ បានបិទបញ្ចប់។ ការ​ធ្វើ​កំណែ​បាន​ចាប់​ផ្ដើម​ភ្លាមៗក្រោយការប្រឡងនៅថ្ងៃទី១៣ ខែសីហានេះ ខណៈដែលការ​ធ្វើ​កំណែ​នេះ​អនុវត្ត​ទៅ​តាម​នីតិវិធីច្បាស់លាស់ ទាំងការកែទាំងការបូកស្រង់ពិន្ទុ ជាក់ស្ដែងរាល់សន្លឹកិច្ចការ ត្រូវកែ​ចំនួន ២លើក និងមានការត្រួតពិនិត្យបន្ថែមទៀតពីអ្នកពាក់ព័ន្ធផងដែរ។ នេះបើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ។

ឯឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ លើកឡើងឱ្យដឹងថា ការ​ធ្វើ​កំណែគឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការកែនេះ គឺយោងតាម​អាត្រា​កំណែ​ដែល​ទទួល​បាន​ពីអ្នកតាក់តែងវិញ្ញាសា រីឯអ្នកកែ ជាបុគ្គលដទៃ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមលើកឡើងថា អ្នកទទួលខុសត្រូវលើការកែសន្លឹកកិច្ចការមានចំនួន ៦០រូប។ អ្នកកែ ភាសា​ខ្មែរ​ចំនួន ៣០នាក់ អ្នកកែគណិតវិទ្យាមានចំនួន ៣០នាក់។ តាមការគ្រោង ក្រុមការងារ​ជំនាញ​ចង់​បញ្ចប់ឱ្យរួចរាល់នៅត្រឹមសប្ដាហ៍នេះ។

ឯកឧត្តមធានា​ជូន​បេក្ខជនគ្រប់រូបដែរថា ការកែ ការបូកស្រង់ពិន្ទុ គឺធានាបានភាពត្រឹមត្រូវ ភាពសុក្រឹត្យ ជាទីបំផុត។ រាល់សន្លឹកកិច្ចនីមួយៗ ត្រូវកែចំនួនពីរលើក បូករួមទាំងការពិនិត្យ​បន្ថែម​។ រីឯការបូកស្រង់ពិន្ទុ ក៏មានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ក្រោមការ​ត្រួត​ពិនិត្យ​ពី​អ្នក​សង្កេត​ការណ៍ និងមន្ត្រីប្រឆាំងអំពើពុករលួយជាច្រើនរូប។

សូមជម្រាបថា ការប្រឡងគ្រូបឋមសិក្សា គឺកំណត់យកអ្នកជាប់ចំនួនត្រឹមតែ ១ ៣៤៧​នាក់​ប៉ុណ្ណោះ។​ បេក្ខជនដែលប្រឡងជាប់ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលបន្ថែម រយៈពេល ២ឆ្នាំ និង ៤ឆ្នាំ ទៅតាមការដាក់ពាក្យរបស់ខ្លួន។ ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់​យក​តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់៕ អត្ថបទ៖គឹមហុក