ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC អមដំណើរដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC នៅព្រឹកថ្ងៃទី១៤ ខែសីហានេះ បានអញ្ជើញទទួលស្វាគមន៍ដំណើរមកដល់មាតុភូមិវិញរបស់តារារ៉េបដ៏ល្បីរបស់កម្ពុជា លោក វណ្ណដា បន្ទាប់ពីតារារ៉េបវ័យក្មេងរូបនេះ បានសាងភាពភ្ជាក់ផ្អើលលើវេទិការពិភពលោក នៃពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ កាលពីរាត្រីថ្ងៃទី១១ ខែសីហាកន្លងទៅ ។ ការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំរដូវកាល ៤ឆ្នាំម្ដងរបស់ពិភពលោករបស់សិល្បករខ្មែររូបនេះ បានធ្វើឲ្យពិភពលោក មានការចាប់អារម្មណ៍ជាខ្លាំង ពិសេសក្នុងប្រជាជជនកម្ពុជាទាំងមូល ដោយបានចាត់ទុកនេះគឺជាការរួមចំណែកដ៏ធំធេង ក្នុងការផ្សព្វផ្សាយ និងលើកមុខមាត់ កិត្តិយសកម្ពុជា លើឆាកអន្ដរជាតិ ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានសាទរលោក វណ្ណដា ចំពោះការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដ៏មានគុណតម្លៃនេះផងដែរ ។