អ្នកទេសចរសម្រុកលុបចោលដំណើរកម្សាន្តនៅជប៉ុន បន្ទាប់ពីការជូនដំណឹងពីគ្រោះរញ្ជួយដី

បណ្ដាញគ្រប់គ្រងសណ្ឋាគារជាច្រើននៅជប៉ុនបាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា ការណែនាំអំពីគ្រោះរញ្ជួយដីដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសជប៉ុន បានជំរុញឱ្យមានការលុបចោលការកក់សណ្ឋាគាររាប់ពាន់បន្ទប់នៅក្នុងតំបន់ដែលត្រូវបានគេប្រកាសថាមានហានិភ័យខ្ពស់ ដែលធ្វើឱ្យអាជីវកម្មមានផលប៉ះពាល់ខ្លាំងនៅក្នុងរដូវកាលដ៏មមាញឹកបំផុតមួយ។

ទីភ្នាក់ងារអាកាសធាតុបាននិយាយកាលពីសប្តាហ៍មុនថា ការរញ្ជួយដីដ៏ធំមួយទំនងជាកើតឡើងបន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រនៅភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់រងរបួស។

អាជ្ញាធរនិយាយថា ការណែនាំដែលជាលើកទីមួយនេះ មិនមែនមានន័យថារញ្ជួយដីជិតមកដល់ទេ ប៉ុន្តែថាហានិភ័យនៃព្រឹត្តិការណ៍បែបនេះបានកើនឡើងខ្ពស់។ ទីតាំងនៃការព្រមានគឺតំបន់ដែលគេហៅថា ណានកៃ តូរ៉ាហ្វុ (Nankai Trough) ដែលមានចម្ងាយ ៨០០គីឡូម៉ែត្រពីខេត្ត ស៊ីហ្ស៊ូកា (Shizuoka) ភាគខាងលិចទីក្រុងតូក្យូ ដល់ចុងភាគខាងត្បូងនៃកោះ ឃ្យូស៊ុ (Kyushu)។

តំណាងសហជីព ស៊ូស៊ូមូ នីស៊ីថានិ (Susumu Nishitani) បានប្រាប់សារព័ត៌មាន AFP ថា ការលុបចោលដែលគ្របដណ្តប់រយៈពេលចាប់ពីថ្ងៃទី០៩ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ធ្វើឱ្យខាតបង់ប្រាក់ចំណូលប្រហែល ១៤០លានយ៉េន (៩៤៨.០០០ ដុល្លារអាមេរិក)។ ទូរទស្សន៍ NHK បាននិយាយថា ការលុបចោលរាប់ពាន់ករណីបន្ថែមទៀតត្រូវបានរំពឹងទុកនៅក្នុងតំបន់ ឌូហ្គោ អនសិន (Dogo Onsen) នៃទីក្រុង ម៉ាត់ស៊ូយ៉ាម៉ា (Matsuyama) ដែលនៅជិតខាងតំបន់ព្រមាន៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *