អ្នកស្ម័គ្រចិត្ត ទប់ទល់នឹងរលកកម្ដៅក្នុងទីក្រុង Milan ដោយការចែកទឹក និងដុំការ៉េម

អ្នកស្ម័គ្រចិត្ត បានចែកទឹកដប ដុំការ៉េម និងចំណិតផ្លែឪឡឹកស្រស់ ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី ដល់អ្នកគ្មានលំនៅឋាន និងជនងាយរងគ្រោះដោយសារកម្តៅ កាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ខណៈដែលទីក្រុងនេះ បានទប់ទល់ទៅនឹងសីតុណ្ហភាពរដូវក្តៅ ក្តៅខ្លាំង។

ក្រុមអ្នកស្ម័គ្រចិត្ដមកពីគម្រោង Arca ជាអង្គការមួយដែលគេស្គាល់តាមរយៈការចែកចាយអាហារពេញមួយឆ្នាំ នៅតាមដងផ្លូវ និងផ្ទះបាយចល័ត បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយអ្នកដែលកំពុងស្វែងរកភាពត្រជាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសអ៊ីតាលី កំពុងប្រឈមនឹងការកើនឡើងជំងឺទាក់ទងទៅនឹងកម្តៅ ខណៈប្រទេសនេះស៊ូទ្រាំនឹងរលកកម្តៅខ្លាំង ដោយសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សាសេ ក្នុងតំបន់មួយចំនួននៅភាគកណ្តាល និងភាគខាងត្បូង ។

ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក រលកកម្តៅដែលមានជាប់ៗគ្នា បានវាយបក់នៅពាសពេញប្រទេសអ៊ីតាលី នាំឱ្យក្រសួងសុខាភិបាលដាក់ទីក្រុងចំនួន២២ក្រុង ក្នុងការព្រមានព័ណ៌ក្រហមក្នុងសប្តាហ៍នេះ។