រុស្ស៊ី នឹងជម្លៀសមនុស្សរាប់ពាន់នាក់ទៀតចេញពីតំបន់ Kursk ខណៈស្ថានភាពកាន់តែតានតឹង

អភិបាលស្តីទីនៅតំបន់ ឃើស្ក៍ (Kursk) លោក អាឡិចស៊ី ស្មឺនូវ (Alexei Smirnov) បាននិយាយកាលពីល្ងាចថ្ងៃពុធ (១៤ សីហា) ថា អាជ្ញាធរនៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី បានសម្រេចចិត្តជម្លៀសប្រជាជននៃស្រុក គ្លូសខូវ (Glushkov) របស់ខ្លួន ខណៈស្ថានភាពកាន់តែតានតឹងខ្លាំងឡើងស្របពេលមានការបន្តវាយរុលដោយកងកម្លាំងអ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែនមួយនេះ។

ស្រុកនេះមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែនដោយផ្ទាល់ និងមានប្រជាជនប្រហែល ២០.០០០នាក់ ហើយលោក Smirnov បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា នគរបាល និងស្ថាប័នរដ្ឋផ្សេងទៀតនឹងសម្របសម្រួលដំណើរការជម្លៀសចេញនេះ។

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ការវាយលុកឆ្លងព្រំដែនរបស់ខ្លួនបានវាយឆ្ពោះទៅមុខពីមួយទៅពីរគីឡូម៉ែត្រចូលទៅក្នុងតំបន់ Kursk ចាប់តាំងព្រឹកថ្ងៃដដែលនេះមក ហើយកងទ័ពរបស់ខ្លួនបានបញ្ចប់ការបោសសំអាតកងកម្លាំងរបស់ទីក្រុងមូស្គូ ក្នុងទីក្រុងព្រំដែនរុស្ស៊ី ស៊ូដហ្សា (Sudzha)។

ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា មនុស្សជិត ២០០.០០០នាក់ត្រូវបានជម្លៀសចេញរួចមកហើយពីតំបន់នានានៅជុំវិញនោះបន្ទាប់ពីការវាយប្រហារនេះ៕