ប្រមុខរបបសឹកមីយ៉ាន់ម៉ា ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន ពីសន្តិសុខព្រំដែន

ប្រព័ន្ធផ្សព្វផ្សាយរបស់របបសឹកបាននិយាយថា ប្រមុខរបបយោធាមីយ៉ាន់ម៉ា និងរដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃពុធ (១៣ សីហា) បានជួបពិភាក្សាអំពីសន្តិសុខនៅតាមព្រំដែនរួមគ្នារបស់ពួកគេ ដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចបានដណ្តើមយកពីយោធាមីយ៉ាន់ម៉ា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រទេសចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដល់របបសឹក ប៉ុន្តែក្រុមអ្នកវិភាគនិយាយថាចិនក៏រក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលកំពុងប្រយុទ្ធនឹងយោធានៅក្នុងរដ្ឋសាន (Shan) ភាគខាងជើងសហភាពមីយ៉ាន់ម៉ាផងដែរ។

ជំនួបនៅរដ្ឋធានីណៃពិដោ (Naypyidaw) គឺជាជំនួបលើកដំបូងរវាងលោក វ៉ាង យី (Wang Yi) និងលោក មីន អ៊ុងល៉ាំង (Min Aung Hlaing) ប្រមុខរបបសឹក ដែលបានដណ្តើមអំណាចនៅឆ្នាំ២០២១ ក្នុងរដ្ឋប្រហារ។

ភាគីទាំងពីរបានពិភាក្សាអំពី «ស្ថិរភាពនៃតំបន់ព្រំដែន» នេះបើយោងតាមការលើកឡើងរបស់របបសឹកចំពោះកិច្ចប្រជុំ។ លោក Min Aung Hlaing និងលោក Wang ក៏បាន «ពិភាក្សា និងផ្លាស់ប្តូរទស្សនៈដោយបើកចំហទាក់ទងនឹងការបោះឆ្នោតសកលពហុបក្សដោយសេរី និងយុត្តិធម៌ផងដែរ»។

របបសឹកបានសន្យារៀបចំការបោះឆ្នោតថ្មី ប៉ុន្តែអ្នករិះគន់និយាយថា ការបោះឆ្នោតណាមួយនឹងត្រឹមតែជារឿងបោកប្រាស់ប៉ុណ្ណោះ។ របបសឹកបានរុញច្រានពេលវេលាសម្រាប់ការបោះឆ្នោតជាច្រើនដង ហើយកាលពីឆ្នាំមុនបានហាមឃាត់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលមានប្រជាប្រិយភាពយ៉ាងទូលំទូលាយរបស់លោកស្រី អ៊ុងសាន ស៊ូជី៕