ទាំងអ៊ុយក្រែន ទាំងរុស្សី សុទ្ធតែបានអះអាងពីការរុលទៅមុខក្នុងតំបន់ ឃើស

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះអ៊ុយក្រែន បានអះអាងពីការវាយរុលទៅមុខថ្មីក្នុងការវាយលុករបស់ខ្លួនចូលក្នុងប្រទេសរុស្ស៊ីដោយនិយាយថាខ្លួនបានដណ្តើមយកផ្ទៃដីជាង ១.១០០ គីឡូម៉ែត្រក្រឡាក្នុងការវាយប្រហារដ៏ធំបំផុតដោយកងទ័ពបរទេសនៅលើទឹកដីរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

រុស្ស៊ី បាននិយាយថា ខ្លួនបានដណ្តើមយកមកវិញនូវភូមិដំបូងពីកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ព្រំដែន ឃើស (Kursk) ហើយបានប្រកាសថាខ្លួនកំពុងបញ្ជូនកងកម្លាំងបន្ថែម ទៅកាន់តំបន់ បេលកូរុដ (Belgorod) ដែលនៅជិតខាងនោះ។

ចំណែកអ៊ុយក្រែន បាននិយាយថាឥឡូវនេះកងទ័ពរបស់ខ្លួនបានគ្រប់គ្រងភូមិរាប់សិបកន្លែង និង ទីប្រជុំជន ស៊ូដហ្សា ( Sudzha) ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រពីព្រំដែន។

មេបញ្ជាការយោធាជាន់ខ្ពស់ អ៊ុយក្រែន លោក អូឡេកសាន់ឌើ ស៊ីស្គី (Oleksandr Syrsky) បាននិយាយថា យើងបានគ្រប់គ្រងលើទឹកដី ទំហំ ១.១៥០ គីឡូម៉ែត្រក្រឡា និងភូមិចំនួន៨២ក្នុងដែនដីរបស់រុស្ស៊ី។

កងទ័ពអ៊ុយក្រែនបានចាប់ផ្តើមការវាយលុកកាលពីថ្ងៃទី ៦ ខែសីហា ដោយបំបែកការបរាជ័យជាច្រើនខែ សម្រាប់កងទ័ពដែលបានទប់ទល់ការវាយលុករបស់រុស្ស៊ីអស់រយៈពេលជាង ២ ឆ្នាំមកនេះ៕