មេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី ប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅក្នុងទិវារំដោះកូរ៉េ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រ (១៦ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី នៅក្នុងសារមួយទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ខណៈទីក្រុងព្យុងយ៉ាង ប្រារព្ធខួបឯករាជ្យពីការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុន។

សារព័ត៌មាន KCNA បាននិយាយថា នេះគឺជាការឆ្លើយតបទៅនឹងសារអបអរសាទរពីលោក ពូទីន ក្នុងថ្ងៃគម្រប់ខួបទិវារំដោះ ១៥ សីហា ដែលមេដឹកនាំរុស្ស៊ីបាននិយាយថា ចំណងមិត្តភាពត្រូវបានចងភ្ជាប់នៅពេលដែលទាហានសូវៀតបានប្រយុទ្ធជាមួយជប៉ុន ហើយនៅតែបន្តធ្វើជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់ភាគីទាំងពីរ។

លោក Kim បាននិយាយថា «អារម្មណ៍មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរបានបង្កើតឡើង និងស៊ីជម្រៅក្នុងការតស៊ូបង្ហូរឈាមប្រឆាំងនឹងសត្រូវរួមគ្នា បម្រើជាកម្លាំងចលករដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសមមិត្តដែលមិនអាចកាត់ថ្លៃបាន»។

លោក គីម និងលោក ពូទីន បានបើកកិច្ចប្រជុំកំពូលលើកទី២ ក្នុងរយៈពេលតិចជាងមួយឆ្នាំក្នុងខែមិថុនា នៅទីក្រុងព្យុងយ៉ាង ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលរួមមានកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក។ កិច្ចព្រមព្រៀងនោះបានកើតឡើងស្របពេលមានការចោទប្រកាន់ពីកូរ៉េខាងត្បូង អ៊ុយក្រែន និងអាមេរិកថា លោក គីម កំពុងជួយរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់គ្រាប់រ៉ូកែត និងមីស៊ីលជាថ្នូរនឹងជំនួយសេដ្ឋកិច្ច និងយោធាផ្សេងទៀតពីទីក្រុងមូស្គូ៕