អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញវិធានការក្តៅដល់មន្ត្រីជំនាញ និងកម្លាំងចម្រុះ ត្រូវចាត់ការបទល្មើសនេសាទឱ្យអស់ ក្នុងរយៈពេល ៧ថ្ងៃ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានដាក់ចេញវិធានការក្តៅ ដល់មន្ត្រីជំនាញរដ្ឋបាលជលផល និងកម្លាំងចម្រុះ ដែលប្រចាំការនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ត្រូវចាត់ការបទល្មើសនេសាទឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ឡូតិ៍អភិរក្សកំពង់ប្រាក់ ហើយលោកនឹងចុះមកពិនិត្យម្តងទៀត នៅថ្ងៃបន្ទាប់។

ឯកឧត្តម អភិបាលខេត្ត ខូយ រីដា បានដាក់ចេញវិធានការបែបនេះ ក្នុងឱកាសចុះពិនិត្យ វាយតម្លៃ និងពង្រឹងកិច្ចការងារបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ (រដូវត្រីពងកូន) នៅលើផ្ទៃទឹកបឹងទន្លេសាប ខាងលិចភូមិបណ្តែតឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ក្រោយពីការពិនិត្យជាក់ស្តែង យើងឃើញថា បទល្មើសដែលកំពុងតែកើតមាននេះ គឺប្រើប្រាស់ក្រឡា១ហ៊ុន ខុសពីច្បាប់អនុញ្ញាត ដូចនេះត្រីដែលត្រូវទៅពងញ៉ាស់កូន នៅក្នុងព្រៃលិចទឹក គឺត្រូវបទល្មើសត្រងយកទាំងអស់។ ត្រង់ចំណុចនេះ យើងមិនត្រឹមតែកម្ទេចចោលឧបករណ៍ល្មើសច្បាប់ និងចាក់លែងកូនត្រីប៉ុណ្ណោះទេ យើងក៏ត្រូវវែកមុខជនល្មើស ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

ឯកឧត្តម បានគូសបញ្ជាក់ថា ច្រើនឆ្នាំហើយដែលយើងបាត់ដំណឹងកូនត្រីប្រា ចំពោះកូនត្រីដែលយើងបង្ក្រាបបាន និងចាក់លែងចូលបឹងទន្លេសាបវិញនាពេលនេះ គឺសុទ្ធសឹងជាប្រភេទកូនត្រីប្រា និងកូនត្រីចម្រុះជាច្រើនរយគីឡូក្រាម ដែលប្រហាក់ប្រហែលជាងរាប់សែនក្បាលឯណោះ។

ឯកឧត្តម ក៏សូមឱ្យមន្ត្រីរដ្ឋបាលជលផល សហការជាមួយកម្លាំងចម្រុះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវចុះមកធ្វើកិច្ចការងារនេះជាបន្ទាន់ និងត្រូវធ្វើឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ឡូតិ៍អភិរក្សកំពង់ប្រាក់ និងត្រូវបន្តធ្វើចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ខូយ រីដា បានលើកឡើងផងដែរថា ពេលសម្បូរត្រីបងប្អូនប្រជានេសាទយើង នឹងគ្មានបញ្ហាប្រឈមអ្វីទេ ផ្ទុយទៅវិញបើអត់ត្រី ពួកគាត់នឹងដាក់សម្ពាធមកលើអាជ្ញាធរយើង ជាក់ជាមិនខាន។ ដូច្នេះហើយ លោកសូមឱ្យធ្វើកិច្ចការងារនេះជាបន្ទាន់ ដើម្បីផលប្រយោជន៍រួម និងដើម្បីប្រយោជន៍បងប្អូនប្រជានេសាទយើង ទៅថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានឧបត្ថម្ភប្រេងសាំង ចំនួន១ពាន់លីត្រ ដល់មន្ត្រីរដ្ឋបាលជលផល ដើម្បីចាក់ប្រើប្រាស់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផល នារដូវបិទនេសាទនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ កន ចំណាន, ប្រភព៖ MOI TV


Comments

Leave a Reply

Your email address will not be published. Required fields are marked *