រុស្ស៊ី ច្រានចោលរបាយការណ៍អំពីការចរចាដោយប្រយោលជាមួយអ៊ុយក្រែន

ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស (Kursk) បានធ្វើឱ្យកិច្ចពិភាក្សាដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារលើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយនិយាយថាមិនមានការពិភាក្សាជាមួយទីក្រុង Kyiv ស្ដីពីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ។

សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅប្រទេសកាតាក្នុងខែនេះ ដើម្បីចរចាកិច្ចព្រមព្រៀងសំខាន់មួយ ដែលបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលលើភាគីសង្រ្គាមទាំង២។

សារព័ត៌មានខាងលើបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមានវិសាលភាពដល់បទឈប់បាញ់មួយផ្នែក ប៉ុន្តែការចរចាត្រូវបានផ្អាកដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី។

លោកស្រីម៉ារៀ ហ្សាការ៉ូវ៉ា ( Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា មិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងរុស្ស៊ី និងរបបក្រុងគីវ ស្តីពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជនស៊ីវិលនោះទេ។

រដ្ឋាភិបាលអ៊ុយក្រែនពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។ សារព័ត៌មាន Washington Post បានរាយការណ៍ថាការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាជំនួបកំពូលនៅទីក្រុងដូហា ត្រូវបានពន្យារពេលដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ា ហើយនឹងប្រព្រឹត្តទៅជាទម្រង់សន្និសីទតាមវីដេអូនៅថ្ងៃទី ២២ ខែសីហា៕