ក្រុមហាម៉ាសទាត់ចោលសុទិដ្ឋិនិយមរបស់អាមេរិកដែលថា ការចរចាបទឈប់បាញ់នៅហ្កាហ្សាជិត សម្រេច

ក្រុមហាម៉ាសបានទាត់ចោលការពិភាក្សាប្រកបដោយសុទិដ្ឋិនិយមរបស់លោកប្រធានាធិបតីអាមេរិកលោក Joe Biden ដែលថាបទឈប់បាញ់នៅតំបន់ហ្កាហ្សាជិតបានសម្រេចបន្ទាប់ពីការចរចានៅប្រទេសកាតា។

សមាជិកការិយាល័យនាំពាក្យនយោបាយ លោក សាមីអាប៊ូ ហ្ស៊ូរី (Sami Abu Zuhri) បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Biden ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រថា យើងខិតជិតជាងអ្វីដែលយើងធ្លាប់ធ្វើ ចំពោះបទឈប់បាញ់។

អ្នកនាំពាក្យជាន់ខ្ពស់ក្រុមហាម៉ាសរូបនេះ បានប្រាប់សារព័ត៌មាន AFP ថា ការដែលនិយាយថាយើងជិតឈានដល់កិច្ចព្រមព្រៀងនោះគឺជាការបំភាន់។យើងមិនប្រឈមកិច្ចព្រមព្រៀងឬការចរចាពិតប្រាកដទេ ប៉ុន្តែជាការបំប៉ោងរបស់អាមេរិកទៅវិញទេ។

លោក Biden បាននិយាយបន្ទាប់ពីកិច្ចចរចារយៈពេលពីរថ្ងៃក្នុងប្រទេសកាតា ជាទីដែលទីក្រុងវ៉ាស៊ីនតោនបានព្យាយាមផ្សះផ្សារភាពខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលមានជម្លោះអស់រយៈពេលជាង១០ខែនៅដែនដីហ្កាហ្សាស្ទ្រីបដ៏អភ័ព្វ ។

ក្រុមនេះបន្តថា សុទិដ្ឋិនិយមនាពេលកន្លងទៅក្នុងអំឡុងពេលជាច្រើនខែនៃកិច្ចចរចាបទឈប់បាញ់បានបង្ហាញថាគ្មានមូលដ្ឋាន។

ភាពតានតឹងក្នុងសង្រ្គាមកាន់តែខ្លាំងនិងអូសបន្លាយ ក្រោយការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh និង មេបញ្ជាការជាន់ខ្ពស់របស់ក្រុមប្រដាប់អាវុធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ លោកហ្វូអាដ សុកឺ (Fuad Shukr)៕