នគរបាលប៉ះទង្គិចជាមួយបាតុករដែលបិទផ្លូវរថភ្លើង ជុំវិញការចាប់រំលោភសិស្សសាលានៅឥណ្ឌា

នគរបាលនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា បានចោទប្រកាន់ក្រុមបាតុករកាន់ដំបង កាលពីថ្ងៃអង្គារ បន្ទាប់ពីមនុស្សរាប់ពាន់នាក់ បានបិទផ្លូវរថភ្លើងអស់ជាច្រើនម៉ោង។

ក្រុមបាតុករ បានបង្អាក់ដល់សេវាកម្មរថភ្លើង ខណៈពួកគេតវ៉ាប្រឆាំងការចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំចំនួនពីរនាក់ ដោយអ្នកបោសសម្អាតនៅសាលារៀនមួយកន្លែង ខាងក្រៅរដ្ឋធានីហិរញ្ញវត្ថុទីក្រុង Mumbai ។

ការតវ៉ា បានប្រែក្លាយទៅជាអំពើហិង្សា ខណៈកងកម្លាំងសន្តិសុខ បានប្រើប្រាស់ដំបង ដើម្បីបំបែកហ្វូងមនុស្ស ដែលបានសងសឹកវិញដោយការគប់ដុំថ្ម និងនៅបន្តធ្វើបាតុកម្ម។

មន្ត្រីអយស្ម័យាន បានជំរុញឲ្យក្រុមអ្នកតវ៉ាចាកចេញពីផ្លូវរថភ្លើង ហើយទុកឲ្យរថភ្លើងដំណើរការជាធម្មតា។

នគរបាលនិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរនិយាយថាសំណុំរឿងនេះ នឹងត្រូវកាត់ទោសនៅតុលាការយ៉ាងឆាប់រហ័ស។

ករណីនិងភាពចលាចលនេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់រំលោភនិងសម្លាប់វេជ្ជបណ្ឌិតនារីហាត់ការនៅទីក្រុង Kolkata កាលពីថ្ងៃទី៩ ខែសីហា ដែលបានបង្កឱ្យមានកំហឹងនៅទូទាំងប្រទេស និងមានការតវ៉ាពីក្រុមវេជ្ជបណ្ឌិតវ័យក្មេងទាមទាររកយុត្តិធម៌ និងសុវត្ថិភាព ឲ្យបានកាន់តែប្រសើរជាងមុនសម្រាប់ស្ត្រី នៅក្នុងមន្ទីរពេទ្យ។