យុទ្ធនាការបោះឆ្នោតលោកស្រី Harris រៃអង្គាសប្រាក់បានប្រហែល ៥០០លានដុល្លារក្នុងពេលត្រឹមមួយខែ

ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា កិច្ចខិតខំប្រឹងប្រែងបោះឆ្នោតរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានរៃអង្គាសប្រាក់បានប្រហែល ៥០០លានដុល្លារ ចាប់តាំងពីលោកស្រីបានក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ដែលជាតួលេខមិនធ្លាប់មានពីមុនមកដែលឆ្លុះបញ្ចាំងពីការសាទររបស់ម្ចាស់ជំនួយក្នុងការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។

ប្រភពចំនួនបួនដែលដឹងពីការរៃអង្គាសប្រាក់នេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ថវិកាទាំងនោះត្រូវបានដាក់បញ្ចូលក្នុងធនាគារសម្រាប់លោកស្រី Harris ក្នុងរយៈពេល ៤សប្តាហ៍ ចាប់តាំងពីលោកស្រីបានឈានជើងចូលក្នុងការប្រកួតនៅថ្ងៃទី២១ ខែកក្កដា មក។

ប្រភពបន្តថា លោកស្រី Harris រៃអង្គាសប្រាក់បាន ២០០លានដុល្លារក្នុងសប្តាហ៍ដំបូងនៃយុទ្ធនាការរបស់ខ្លួន ហើយបន្ទាប់មកក្រុមការងារលោកស្រីទទួលបានចំនួន ៣១០លានដុល្លារក្នុងខែកក្កដា ដែលនាំឱ្យចំនួនសរុបនៃទឹកប្រាក់ក្នុងយុទ្ធនាការបក្សប្រជាធិបតេយ្យទាំងមុនពេលលោក Joe Biden ដកខ្លួនមានជាង ១ពាន់លានដុល្លារ ដែលជាការឆ្លងកាត់យ៉ាងលឿនបំផុតនៃកម្រិតរៃអង្គាសប្រាក់នៅក្នុងប្រវត្តិសាស្ត្រ។

ចំណែកយុទ្ធនាការរបស់លោក Donald Trump បាននិយាយថា ខ្លួនបានរៃអង្គាសប្រាក់បានចំនួន ១៣៨,៧លានដុល្លារក្នុងខែកក្កដា ហើយមានសាច់ប្រាក់ក្នុងដៃចំនួន ៣២៧លានដុល្លារ។ ការសាទរចំពោះលោកស្រី Harris ដែលមានសាច់ប្រាក់ក្នុងដៃនៅខែកក្កដា រហូតដល់ទៅ ៣៧៧លានដុល្លារ បានបន្តរហូតដល់ខែសីហានេះ ខណៈមនុស្សរាប់ពាន់នាក់បន្តបង្ហាញការគាំទ្ររបស់ខ្លួននៅក្នុងរដ្ឋប្រទាញប្រទង់នយោបាយនៅទូទាំងប្រទេស៕