ការតវ៉ាជុំវិញការចាប់រំលោភ និងសម្លាប់វេជ្ជបណ្ឌិតឥណ្ឌា ក្លាយជាអំពើហិង្សា

អ្នកគាំទ្រ និងបុគ្គលិកគណបក្ស Bharatiya Janata ដែលកំពុងកាន់អំណាចរបស់ប្រទេសឥណ្ឌា បានធ្វើបាតុកម្មដោយហិង្សា កាលពីថ្ងៃព្រហស្បតិ៍ ទី២២ សីហា ប្រឆាំងការរំលោភ និងសម្លាប់វេជ្ជបណ្ឌិតហាត់ការម្នាក់ នៅក្នុងងទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា។

បាតុករជាច្រើននាក់ បានស្រែកពាក្យស្លោកខណៈពួកគេឈរនៅលើរថយន្តនគរបាល និងបានទម្លាយរបាំងការពារ ដើម្បីទាមទារឱ្យលោកស្រី Mamata Banerjee រដ្ឋមន្ត្រីប្រចាំរដ្ឋ West Bengal លាចេញពីតំណែង ខណៈមានកំហឹងនៅទូទាំងប្រទេសជុំវិញអំពើហិង្សាលើស្ត្រី ដែលបានកើនឡើងនៅក្នុងប្រទេស។

ករណីចាប់រំលោភនិងសម្លាប់កាលពីថ្ងៃទី៩ ខែសីហានៅទីក្រុង Kolkata បានបង្កឱ្យមានការទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងសុវត្ថិភាពកាន់តែប្រសើរសម្រាប់ស្ត្រីនៅតាមមន្ទីរពេទ្យ ដោយក្រុមវេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យជាច្រើនកន្លែង និងបដិសេធមិពិនិត្យអ្នកជំងឺដែលពុំមែនស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

នគរបាលស្ម័គ្រចិត្តម្នាក់ ត្រូវបានចាប់ខ្លួនពីបទព្រហ្មទណ្ឌ ហើយនគរបាលសហព័ន្ធ បានទទួលយកការស៊ើបអង្កេតនេះ។

កំហឹងជាសាធារណៈ និងការតវ៉ា ជុំវិញអំពើហិង្សាលើស្ត្រី គឺបានរំឮកដល់អ្វីដែលបានកើតឡើងបន្ទាប់ពីការចាប់រំលោភនិងសម្លាប់សិស្សអាយុ២៣ឆ្នាំម្នាក់ដោយក្រុមជនអន្ធពាលនៅលើរថយន្តក្រុង ក្នុងទីក្រុង New Delhi កាលពីឆ្នាំ២០១២។