មន្ត្រី​ជំនាញ​ជលផលកំពង់ចាម​ នៅតែបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹម

កំពង់ចាម​៖​ ដេីម្បីចូលរួមទប់ស្កាត់​ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់​នៅតាមព្រែក​ បឹង​ និងទន្លេ​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តចុះ​បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹម។

ជាក់ស្ដែង​នៅថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៤នេះ​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលចតុមុខ និងអាជ្ញាធរស្រុកកងមាស ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបួនទីតាំង​ ក្នុងភូមិសាស្ត្រស្រុកកងមាស​ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។

លោក​ លី​ ស្រ៉ី​ នាយខណ្ឌស្តីទី​ជលផលកំពង់ចាម​ បានឲ្យដឹងថា​ ជាលទ្ធផល​ ប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ​ ក្រុមការងារ​បានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅចំណុចផ្ទៃបឹង​ ក្នុងឃុំរាយប៉ាយ​ ស្រុកកងមាស​ ជារួមមាន៖​ឧបករណ៍លូស្បៃមុងចំនួន៧៩មាត់, របាំងស្បៃមុងប្រវែង ៤០៤០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៣១៥ដើម​និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៩៦៧គីឡូក្រាម។

ទន្ទឹមនឹងនេះដែរ​​ លោក​ លី​ ស្រ៉ី​ នាយខណ្ឌស្តីទី​ជលផលកំពង់ចាម​ ដែលដឹកនាំផ្ទាល់​​ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទនៅតំបន់​ កុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់​ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការ​រាយការណ៍និងបង្ក្រាប​ អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ​ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់​ការនេសាទខុសច្បាប់​ ដេីម្បីរក្សាពូជត្រីបានច្រេីន​៕