មនុស្ស ៣០នាក់បានស្លាប់ និងច្រើននាក់ទៀតបាត់ខ្លួន បន្ទាប់ពីបាក់ទំនប់ទឹកនៅស៊ូដង់

អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៦ សីហា) ថា កម្ពស់ទឹកបានហក់ឡើងយ៉ាងខ្លាំងបណ្ដាលឱ្យបាក់ទំនប់ ហើយបំផ្លាញភូមិយ៉ាងហោចណាស់២០ និងបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣០ នាក់ស្លាប់ និងច្រើននាក់បាត់ខ្លួននៅភាគខាងកើតប្រទេសស៊ូដង់ ប៉ុន្តែតួលេខអុ្នកសា្លប់ប្រហែលជាខ្ពស់ជាងនេះទៀត ដោយបង្កការបំផ្លិចបំផ្លាញដល់តំបន់ដែលរងគ្រោះដោយសង្រ្គាមជាច្រើនខែរួចមកហើយ។

ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ជោរជន់លើទំនប់ អាបាត (Arbaat) កាលពីថ្ងៃអាទិត្យ ដែលមានចម្ងាយត្រឹមតែ ៤០គីឡូម៉ែត្រនៅភាគខាងជើងនៃទីក្រុង ផតស៊ូដង់ (Port Sudan) ដែលជារដ្ឋធានីតាមជាក់ស្ដែង និងមូលដ្ឋានសម្រាប់រដ្ឋាភិបាល អ្នកការទូត ទីភ្នាក់ងារផ្តល់ជំនួយ និងជនភៀសខ្លួនរាប់សែននាក់។

អង្គការសហប្រជាជាតិ និយាយថា លំនៅឋានរបស់ប្រជាជនប្រហែល ៥០.០០០គ្រួសារ ត្រូវរងផលប៉ះពាល់ដោយទឹកជំនន់ ដោយចំនួននេះគិតតែលើតំបន់ខាងលិចទំនប់ប៉ុណ្ណោះ ខណៈតំបន់ភាគខាងកើតមិនអាចចូលទៅដល់បាន។

ទំនប់អាបាត គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ក្រុង ផតស៊ូដង់ ដែលជាកន្លែងសម្រាប់កំពង់ផែសមុទ្រក្រហម និងអាកាសយានដ្ឋានដំណើរការរបស់ប្រទេស ហើយជាទីដែលជំនួយភាគច្រើនត្រូវបានស្តុកទុក និងដឹកជញ្ជូន។ កាលពីថ្ងៃចន្ទ ក្រុមការងាររដូវវស្សារបស់រដ្ឋាភិបាល និយាយថា មនុស្សចំនួន ១៣២នាក់បានស្លាប់ក្នុងទឹកជំនន់នៅទូទាំងប្រទេស ដោយកើនឡើងពីតួលេខ ៦៨នាក់កាលពីពីរសប្តាហ៍មុន។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១៨.០០០នាក់ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ក្នុងឆ្នាំនេះ៕