នាយករដ្ឋមន្ត្រីកាណាដា នឹងដំឡើងពន្ធ១០០% លើរថយន្តអគ្គិសនី របស់ចិន

ប្រទេសកាណាដា បានប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ថា ខ្លួនកំពុងចាប់ផ្តើមការដំឡើងពន្ធ ១០០% លើការនាំចូលរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន ត្រូវគ្នានឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលបានដាក់លើអ្វីដែលរដ្ឋាភិបាលលោកខាងលិច និយាយថាជាការឧបត្ថម្ភធនរបស់ប្រទេសចិន ដែលផ្តល់ឱ្យឧស្សាហកម្មរបស់ខ្លួននូវអត្ថប្រយោជន៍អយុត្តិធម៌។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការជំរុញដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកJake Sullivan ក្នុងអំឡុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) និងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ។លោក Sullivan កំពុងធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារសប្ដាហ៍នេះ។

លោក Trudeau បាននិយាយថា ប្រទេសកាណាដា ក៏នឹងដំឡើងពន្ធ ២៥% លើដែកថែប និងអាលុយមីញ៉ូមរបស់ចិនផងដែរ។ លោកបានបន្តថា ប្រទេសចិនបានជ្រើសរើសផ្តល់អត្ថប្រយោជន៍មិនយុត្តិធម៌ក្នុងទីផ្សារពិភពលោក។

មួយក្នុងចំណោមរថយន្តអគ្គិសនីឬ EV ផលិតដោយប្រទេសចិន ដែលត្រូវបាននាំចូលទៅកាន់ប្រទេសកាណាដា គឺជារបស់ក្រុមហ៊ុន Tesla ផលិតនៅរោងចក្រក្រុងសៀងហៃ របស់ក្រុមហ៊ុននេះ ទោះបីជាក្រុមហ៊ុនអាមេរិកអាចបញ្ចៀសបានពីការដំឡើងពន្ធ ដោយបង្វែរការផ្គត់ផ្គង់ទៅកាន់កាណាដាពីរោងចក្រនៅសហរដ្ឋអាមេរិក ឬអាល្លឺម៉ង់ក៏ដោយ ដែលមានន័យថា បើនាំចេញពីក្រុមហ៊ុននៅអាមេរិក និងអាល្លឺម៉ង់ទៅកាន់កាណាដា គឺមិនជាប់ពន្ធទេ៕