ប្រមុខ UN ប្រកាសអាសន្ន ខណៈប្រជុំកោះប៉ាស៊ីហ្វិក រងគ្រោះខ្លាំងដោយការឡើងកម្ដៅសមុទ្រ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយនៅថ្ងៃអង្គារ (២៧ សីហា) នេះថា សីតុណ្ហភាពក្នុងមហាសមុទ្រកំពុងកើនឡើងខ្លាំងនៅប្រជុំកោះប៉ាស៊ីហ្វិក ក្នុងអត្រាបីដងនៅទូទាំងពិភពលោក ដែលធ្វើឱ្យប្រជាជនរបស់ប្រជុំកោះទាំងនោះ ត្រូវបាន «ប៉ះពាល់ជាពិសេស» ចំពោះឥទ្ធិពលនៃកំណើនកម្រិតទឹកសមុទ្រ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសតុងហ្គា ជាទីដែលវេទិកាប្រជុំកោះប៉ាស៊ីហ្វិកកំពុងប្រព្រឹត្តទៅ លោក Guterres បានគូសបញ្ជាក់ពីការរកឃើញនៃរបាយការណ៍ដែលបង្ហាញថា ប៉ាស៊ីហ្វិកភាគនិរតីរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយការកើនឡើងកម្រិតទឹកសមុទ្រនៅកន្លែងមួយចំនួន ច្រើនជាងទ្វេដងនៃមធ្យមភាគពិភពលោកក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដោយកម្ដៅដ៏ខ្លាំងក្លានៃមហាសមុទ្របានរួមចំណែកបង្កើនកម្ពស់ទឹក។

ប្រមុខ UN រូបនេះនិយាយថា «យើងសូមប្រកាសអាសន្នជាសកល លើការកើនឡើងដ៏លឿននៃកម្រិតទឹកសមុទ្រ»។ លោកបន្ថែមថា «កំណើនទឹកសមុទ្រកំពុងពង្រីកភាពញឹកពាប់ និងធ្ងន់ធ្ងរនៃព្យុះ និងការជន់លិចតាមឆ្នេរសមុទ្រ ដែលប៉ះពាល់ការនេសាទ បំផ្លាញដំណាំ និងបំពុលទឹកសាប។ ទាំងអស់នេះធ្វើឱ្យប្រទេសកោះប៉ាស៊ីហ្វិកស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ»។

បម្រែបម្រួលអាកាសធាតុ និងសន្តិសុខកំពុងគ្របដណ្ដប់លើការពិភាក្សានៅឯកិច្ចប្រជុំមេដឹកនាំប្រចាំឆ្នាំរយៈពេលមួយសប្តាហ៍ ដែលសមាជិកទាំង ១៨ប្រទេសនៃវេទិកាប្រជុំកោះប៉ាស៊ីហ្វិក រងការគំរាមកំហែងដោយការកើនឡើងកម្រិតទឹកសមុទ្រ ដូចជាម្ចាស់ផ្ទះនៃវេទិកានេះគឺតុងហ្គា និងអ្នកនាំចេញធ្យូងថ្មដ៏ធំបំផុតមួយរបស់ពិភពលោកគឺអូស្ត្រាលីជាដើម៕