កោះតៃវ៉ាន់ ប៉ាន់ប្រមាណថា ចិនចំណាយប្រាក់ជាង១៥,៣ពាន់លានដុល្លារ លើសមយុទ្ធប៉ាស៊ីហ្វិកឆ្នាំ២០២៣

តាមការប៉ាន់ប្រមាណរបស់កោះតៃវ៉ាន់ ដែលពុំធ្លាប់បានផ្សព្វផ្សាយ ប្រទេសចិនបានចំណាយកញ្ចប់ថវិកាប្រហែលជាង ១៥ ពាន់លានដុល្លារអាមេរិក ឬ ៧ ភាគរយនៃថវិកាការពារជាតិរបស់ខ្លួនលើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងឆ្នាំ ២០២៣ ដោយបង្ហាញពីការវិនិយោគរបស់ទីក្រុងប៉េកាំងក្នុងសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ និងប្រទេសជិតខាង។

ការស្រាវជ្រាវផ្ទៃក្នុងដោយកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ ដែលត្រូវបានពិនិត្យឡើងវិញដោយសារព័ត៌មាន Reuters បង្ហាញពីទិដ្ឋភាពដ៏កម្រមួយក្នុងការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិន ស្របពេលទីក្រុងប៉េកាំង បានបង្កើនវត្តមានយោធារបស់ខ្លួននៅពេលមានភាពតានតឹងនៅក្នុងតំបន់។

ប្រទេសចិន បានអះអាងសិទ្ធិថាកោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយពុំដែលបោះបង់ចោលការប្រើកម្លាំងក្រសោបយកកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ទោះបីកោះតៃវ៉ាន់ជំទាស់យ៉ាងខ្លាំងក៏ដោយ។ចិនក៏ត្រូវបានជាប់គាំងនៅក្នុងជម្លោះជាមួយប្រទេសមួយចំនួនជុំវិញអធិបតេយ្យភាពនៃផ្នែកធំៗ ក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ផងដែរ។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយសង្ខេបអំពីការស្រាវជ្រាវថា នេះបង្ហាញពីមូលហេតុនៃការបែងចែកធនធានរបស់ពួកគេ។ពួកគេកំពុងចំណាយធនធានដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីព្យាយាមគ្រប់គ្រងភាគខាងលិចនៃ ប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Reuters អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានបដិសេធមិនផ្ដល់ការអតា្ថធិប្បាយលើបញ្ហានេះ៕