អេហ្ស៊ីប បដិសេធវត្តមានយោធារបស់អ៊ីស្រាអែល នៅច្រកឆ្លងកាត់រ៉ាហ្វា និងច្រករបៀងហ្វីឡាដែលហ្វៀ

ទូរទស្សន៍អាល់កាហ៊ីរ៉ា (Al-Qahera News) របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អេហ្ស៊ីបថា កាលពីថ្ងៃទី ២៦ ខែសីហា ប្រទេសអេហ្ស៊ីប បានអះអាងជាថ្មីថា ការបដិសេធរបស់ខ្លួនចំពោះវត្តមានរបស់អ៊ីស្រាអែល នៅឯច្រកឆ្លងកាត់រ៉ាហ្វា ( Rafah) ឬច្រករបៀងហ្វីឡាដែលហ្វៀ ( Philadelphia) រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សាស្ទ្រីប។

មន្ត្រីអេហ្ស៊ីបដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ប្រទេសអេហ្ស៊ីប កំពុងគ្រប់គ្រងការសម្របសម្រួលរវាងភាគីទាំងពីរនៃជម្លោះនៅតំបន់ហ្កាហ្សា ស្របតាមសន្តិសុខជាតិ និងសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។

មន្ត្រីរូបនេះ បាននិយាយថា គណៈប្រតិភូសន្តិសុខអេហ្ស៊ីប កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវ«កម្រិតនៃការព្រមព្រៀង» រវាងភាគីទាំងពីរ។

ប្រទេសអេហ្ស៊ីប រួមជាមួយនឹងកាតា និងសហរដ្ឋអាមេរិក កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដើម្បីឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស-ចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាមួយនឹងគោលដៅនៃការសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្កាហ្សា។

គណៈប្រតិភូមកពីក្រុមហាម៉ាស និងអ៊ីស្រាអែល បានចាកចេញពីទីក្រុងគែរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា ក្នុងកិច្ចចរចាបទឈប់បាញ់ចុងក្រោយនៅតំបន់ហ្កាហ្សា។