អ៊ីស្រាអែល ទទួលបានគ្រឿងយុទ្ធោបករណ៍ និងគ្រាប់រំសេវជាង ៥០.០០០តោន អំឡុងជម្លោះហ្កាហ្សា

ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ប្រទេសនេះ បានទទួលគ្រឿងយុទ្ធោបករណ៍ និងគ្រាប់រំសេវជាង ៥0.000 តោន។

ក្រសួង បាននិយាយថា៖«គ្រឿងយុទ្ធោបករណ៍ដែលទទួលបាននិងដឹកជញ្ជូន រួមមានរថពាសដែក គ្រាប់រំសេវ ឧបករណ៍ការពារផ្ទាល់ខ្លួន និងបរិក្ខាពេទ្យ»។

ក្រសួងបានបន្ថែមថា ការដឹកជញ្ជូនសម្ភារៈយោធាទាំងនេះ មានសារសំខាន់សម្រាប់ទ្រទ្រង់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារអ៊ីស្រាអែលក្នុងអំឡុងពេលសង្រ្គាម ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា និងប្រឆាំងនឹងក្រុមហេសបូឡាតាមព្រំដែនអ៊ីស្រាអែល-លីបង់។

ក្រសួងមិនបានបញ្ជាក់ថាតើអាវុធទាំងត្រូវបានទិញមកពីប្រទេសណាខ្លះទេ ទោះបីជាមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល ធ្លាប់បាននិយាយថា អាវុធ និងគ្រាប់រំសេវភាគច្រើន ត្រូវបានទិញពីសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ។

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេល ដែលមនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។