មនុស្ស៤នាក់ បាត់ខ្លួននៅប្រទេសជប៉ុន ដោយសារបំណាក់ដី ខណៈព្យុះទីហ្វុងខិតជិតមកដល់

មនុស្ស៤នាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ពីបំណាក់ដី បានវាយប្រហារលំនៅឋានមួយកន្លែង ក្នុងខេត្ត Aichi ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃអង្គារដោយសារតែភ្លៀងធ្លាក់ខ្លាំង ខណៈព្យុះទីហ្វុង Shanshan ខិតជិតដល់ប្រទេសនេះ។

ឧបទ្ទវហេតុ បានកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Gamagori នៅពេលដែលអង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានទទួលទូរស័ព្ទពីស្ត្រីម្នាក់ដែលរាយការណ៍ថាសមាជិក៥នាក់នៃគ្រួសារមួយ ត្រូវបានកប់នៅក្រោមដីល្បប់និងកម្ទេចកម្ទី។

អាជ្ញាធរតំបន់ និយាយថា អ្នកទូរស័ព្ទគឺជាស្ត្រីម្នាក់មានអាយុ៤០ឆ្នាំ ត្រូវបានជួយសង្គ្រោះ និងដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ទោះជាយ៉ាងណា សមាជិកគ្រួសារបួននាក់ទៀតដែលនៅសល់ រួមមានប្តីប្រពន្ធក្នុងវ័យ៧០ឆ្នាំ ស្ត្រីម្នាក់ទៀតអាយុ៤០ឆ្នាំ និងបុរសអាយុ៣០ឆ្នាំ នៅពុំទាន់ដឹងព័ត៌មាននៅឡើយ។

បំណាក់ដី បានវាយប្រហារលើលំនៅឋានសង់ពីឈើមានកម្ពស់ពីរជាន់។ ខណៈព្យុះដ៏មានឥទ្ធិពល Shanshan ដែលជាព្យុះទីហ្វុងទី១០ នៅឆ្នាំនេះ ខិតជិតប្រទេសជប៉ុន ទីក្រុង Gamagori បានទទួលទឹកភ្លៀងកម្រិត ១៣៨,៥ មីល្លីម៉ែត្រនៅចន្លោះល្ងាចថ្ងៃចន្ទ និងយប់ថ្ងៃអង្គារ ដែលច្រើនជាងទឹកភ្លៀងជាមធ្យមសម្រាប់ពេញមួយខែ នៅខែសីហានេះ។

ដោយមានប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត បទបញ្ជាជម្លៀស ត្រូវបានចេញដល់អ្នកស្រុកក្នុងតំបន់នៅជុំវិញនោះ ដោយសារហានិភ័យកើនឡើងនៃបំណាក់ដីបន្ថែមទៀត។

មន្ត្រីឧតុនិយម បានព្រមានថា ស្ថានភាពអាកាសធាតុមិនស្ថិតស្ថេរ ដែលបណ្តាលមកពីព្យុះទីហ្វុង ខិតជិតមកដល់អាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីនៅក្នុងតំបន់។