លោកស្រី Harris និងបេក្ខភាពអនុប្រធានាធិបតីរបស់ខ្លួន នឹងធ្វើបទសម្ភាសន៍រួមគ្នាជាលើកដំបូង

អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងអភិបាលរដ្ឋ មីនេសូថា (Minnesota) លោក ធីម វ៉លស៍ (Tim Walz) ដែលជាដៃគូខាងគណបក្សប្រជាធិបតេយ្យសម្រាប់ការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ព្រមធ្វើបទសម្ភាសន៍រួមគ្នាលើកដំបូងរបស់ពួកគេ ជាមួយទូរទស្សន៍ CNN ក្នុងរដ្ឋ ចចា (Georgia) ដែលចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍ (២៩ សីហា) ម៉ោង ៩:០០យប់ (ម៉ោងក្នុងស្រុក)។

នោះនឹងក្លាយជាការសន្ទនាស៊ីជម្រៅលើកដំបូងរបស់ដៃគូក្នុងការប្រជែងយកតំណែងសេតវិមានទាំងពីររូបនេះជាមួយអ្នកយកព័ត៌មាន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដកខ្លួនពីបេក្ខភាព ហើយបានគាំទ្រលោកស្រី Harris ជាអ្នកជំនួសលោកកាលពីជាង ៥សប្តាហ៍មុន។ ចាប់តាំងពីអនុប្រធានាធិបតីរូបនេះបានចូលរួមក្នុងការប្រជែងតំណែងកំពូលនេះមក គណបក្សសាធារណរដ្ឋបានរិះគន់លោកស្រីចំពោះការគេចមុខពីអ្នកសារព័ត៌មាន ហើយបានចោទលោកស្រីថាមិនប្រាប់អ្នកបោះឆ្នោតពីផែនការប្រធានាធិបតីរបស់ខ្លួន។

បទសម្ភាសន៍នេះនឹងក្លាយជាការសាកល្បងដ៏ធំលើកដំបូងរបស់លោកស្រី Harris និងលោក Walz ក្នុងនាមជាមិត្តរួមការងារ និងផ្តល់ឱកាសសម្រាប់អ្នកទាំងពីរក្នុងការលុបបំបាត់ការរិះគន់ទាំងនោះ ហើយក៏បំពេញតាមការសន្យាដែលលោកស្រី Harris បានលើកឡើងថាខ្លួននឹងធ្វើការសម្ភាសន៍មុនដំណាច់ខែ។

បទសម្ភាសន៍រួមគ្នានេះនឹងកើតឡើងបន្ទាប់ពីសុន្ទរកថារបស់បេក្ខភាពបក្សប្រជាធិបតេយ្យទាំងពីរនៅឯសន្និបាតជាតិបក្សនៅទីក្រុងឈីកាហ្គោ (Chicago) ដែលជាការប្រារព្ធទៅយ៉ាងរលូន ហើយលោកស្រី Harris នឹងបន្តដំណើរយុទ្ធការតាមរថយន្តក្រុងនៅរដ្ឋប្រទាញប្រទង់ Georgia បន្ទាប់ពីសម្ភាសន៍រួច៕