អ៊ីស្រាអែល បើកការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា សម្លាប់មនុស្សរាប់សិបនាក់

កងកម្លាំងអ៊ីស្រាអែល បានបញ្ជូនរថក្រោះចូលជ្រៅទៅក្នុងទីក្រុង ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ហើយបានបើកការវាយប្រហារនៅទូទាំងតំបន់ជុំវិញនោះ ខណៈដែលពួកគេបានបន្តប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមហាម៉ាស ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤នាក់ កាលពីថ្ងៃពុធ (២៨ សីហា)។

អ្នកស្រុកនៅក្រុង Khan Younis បាននិយាយថា រថក្រោះអ៊ីស្រាអែល បានធ្វើការវាយរុលដ៏ភ្ញាក់ផ្អើលមួយចូលទៅក្នុងកណ្តាលទីក្រុង ហើយយោធាបានបញ្ជាឱ្យមានការជម្លៀសនៅភាគខាងកើត ដោយបង្ខំឱ្យក្រុមគ្រួសារជាច្រើនរត់ភៀសខ្លួនដើម្បីសុវត្ថិភាព ខណៈអ្នកផ្សេងទៀតត្រូវបានជាប់ខ្លួននៅក្នុងផ្ទះសម្បែងក្រោមការបាញ់ប្រហារដ៏ខ្លាំងក្លា។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែលបានចេញបញ្ជាជម្លៀសជាច្រើននៅទូទាំងតំបន់ហ្កាហ្សា ដែលជាចំនួនច្រើនបំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរយៈពេលជិត ១១ខែមក ដែលបណ្តាលឱ្យមានការតវ៉ាត្អូញត្អែរពីប្រជាជនប៉ាឡេស្ទីន អង្គការសហប្រជាជាតិ និងក្រុមមន្ត្រីផ្តល់ជំនួយសង្គ្រោះ ជុំវិញការបង្រួមតំបន់មនុស្សធម៌ និងអវត្តមានតំបន់សុវត្ថិភាព។

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានបញ្ជាឱ្យមានការជម្លៀសនៅក្នុងតំបន់ដែលក្រុមហាម៉ាស និងពួកសកម្មប្រយុទ្ធផ្សេងទៀតបានធ្វើការវាយប្រហារ រួមទាំងបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងអ៊ីស្រាអែល។ ស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមនិយាយថា អ្នកប្រយុទ្ធបានចូលរួមក្នុងការប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល នៅតាមតំបន់ផ្សេងៗគ្នានៅទូទាំងទឹកដីហ៊ុមព័ទ្ធនេះ ដោយបានបាញ់រ៉ូកែតប្រឆាំងរថក្រោះ និងកាំភ្លើងត្បាល់ប្រឆាំងកងកម្លាំងអ៊ីស្រាអែលវិញ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *