សហភាពអឺរ៉ុប៖ ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅដែនដី West Bank មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្គ្រាមពីហ្កាហ្សាឡើយ

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធាដ៏សំខាន់របស់អ៊ីស្រាអែលនៅតំបន់ West Bank ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលនោះ មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្គ្រាមពីតំបន់ហ្កាហ្សា រួមទាំងការបំផ្លិចបំផ្លាញទាំងស្រុងនោះឡើយ។

លោក Borrell បាននិយាយនៅលើបណ្ដាញសង្គម Xថា ប្រតិបត្តិការយោធាដ៏ធំរបស់អ៊ីស្រាអែលនៅតំបន់ West Bank មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្រ្គាមពីដែនដីហ្កាហ្សា នោះទេ។

លោកបានបន្ថែមថា ការពង្រីកប្រតិបត្តិការ ត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ជាពិសេសលើការជម្លៀសប្រជាជនប៉ាឡេស្ទីន គំរាមកំហែងជំរុញឱ្យមានអស្ថិរភាពបន្ថែមទៀត។

មុននេះ កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាដ៏ធំមួយនៅភាគខាងជើងតំបន់ West Bank ដែលជាចំនួនដ៏ធំបំផុតក្នុងរយៈពេលពីរទសវត្សរ៍។

មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ នេះបើយោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលតំបន់នេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ប្រតិបត្តិការរបស់កងទ័ពរួមមាន ការជម្លៀសប្រជាជនប៉ាឡេស្ទីនជាបណ្តោះអាសន្ន ពីតំបន់នានានៅភាគខាងជើង West Bank ។

ភាពតានតឹងបាននឹងកំពុងកើនឡើងខ្លាំងនៅទូទាំងតំបន់ West Bank ខណៈមានការវាយលុកដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង៤០.៥០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក៕