កម្ពុជា-កូរ៉េ បើកការទូទាត់ឆ្លងដែន ដើម្បីលើកកម្ពស់ភ្ញៀវទេសចរ និងសកម្មភាពពាណិជ្ជកម្ម

ភ្នំពេញ ÷ កម្ពុជា-កូរ៉េ ដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន សម្រាប់ភ្ញៀវទេសចរមកពីកូរ៉េ អាចទូទាត់ផ្ទាល់នៅតាមហាងទំនិញ ដែលមានស្លាកសញ្ញា ខេអេចឃូអរកូត គណនីប្រាក់រៀល និងក៏ជាការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ការជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

ធនាគារជាតិនៃកម្ពុជា និងធនាគារភ្នំពេញពាណិជ្ជ ម.ក នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ នេះ បានរៀបចំពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីធនាគារចល័ត Jeonbuk Bank និងប្រព័ន្ធបាគង (ខេអេចហ្សូអរកួត) ក្នុងនោះសម្រាប់ដំណាក់កាលទី១ ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ អាច ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាមហាងទំនិញ ដែលមានស្លាកសញ្ញា ខេអេចឃូអរកូត គណនីប្រាក់រៀល ។ ជាក់ស្តែងការរៀបចំកម្មវិធីនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័ន JB Financial Group បានចុះ អនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកួត”កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ១៥-១៨ ខែ ឧសភា ឆ្នាំ ២០២៤ ក្រោមកិច្ចសហការដ៏រឹងមាំ រវាង ប្រទេសទាំងពីរ។

ជុំវិញការទូទាត់ឆ្លងដែននេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងថា នេះជាសមិទ្ធផល ថ្មីមួយទៀត សម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការបើកច្រករបៀងថ្មី នៃការទូទាត់សងប្រាក់ឆ្លងដែន តាមឃូអរកូត រវាងសាធារណរដ្ឋ កូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះនឹងជំរុញឱ្យប្រទេសទាំងពីរឈានដល់កម្រិតមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែក ហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការដាក់ឱ្យដំណើរការ គម្រោងទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និងគាំទ្រ បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

ទាក់ទិនគម្រោងនេះដែរ, លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk លើកឡើងផងដែរថា ការដាក់ឱ្យ ប្រើប្រាស់សេវាទូទាត់ឆ្លងដែនតាម ឃូអរកូត គឺជាការវិវឌ្ឍថ្មីមួយសម្រាប់ធនាគារភ្នំពេញពាណិជ្ជ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Jeonbuk ក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ប្រតិបត្តិការហិរញ្ញវត្ថុ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ បាគង។ កិច្ចសហការនេះ នឹងផ្ដល់លទ្ធភាពដល់ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ អាចទូទាត់ប្រាក់រៀលខ្មែរបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយប័ណ្ណនោះទេ។ លើសពីនេះ កិច្ចសហការនេះក៏នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស កម្ពុជាផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី