លោកស្រី Harris ពង្រីកការនាំមុខលើលោក Trump នៅក្នុងការស្ទង់មតិថ្មី

បេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នាំមុខលើលោក Donald Trump មកពីបក្សសាធារណរដ្ឋក្នុងតួលេខ ៤៥ភាគរយ ទល់នឹង ៤១ភាគរយ នៅក្នុងការស្ទង់មតិថ្មីរបស់ រ៉យទ័រ និងអ៊ីបសូស (Reuters/Ipsos) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ សីហា) ដែលបង្ហាញថា អនុប្រធានាធិបតីរូបនេះបានជំរុញឱ្យមានការសាទរថ្មីក្នុងចំណោមអ្នកបោះឆ្នោត និងធ្វើឱ្យការប្រែប្រួលខ្លាំងក្នុងការប្រជែងតំណែងសេតវិមាននៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។

ការនាំមុខ ៤ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះនេះគឺជាតួលេខដ៏ធំខ្លាំងជាងការនាំមុខ ១ភាគរយដែលលោកស្រី Harris ទទួលបាននៅក្នុងការស្ទង់មតិចុងខែកក្កដា របស់ Reuters/Ipsos។ បន្ថែមពីនេះ លោកស្រី Harris បាននាំមុខលោក Trump ដោយ ៤៩ភាគរយទល់នឹង ៣៦ភាគរយ ឬស្មើនឹង ១៣ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតស្ត្រីនិងអ្នកបោះឆ្នោតនិយាយភាសាអេស្ប៉ាញ។ ចំណែកលោក Trump បាននាំមុខក្នុងចំណោមអ្នកបោះឆ្នោតស្បែកស និងបុរស ដោយតួលេខស្រដៀងគ្នានេះដូចកាលពីខែកក្កដា។

ការរកឃើញនេះបង្ហាញថាការប្រជែងតំណែងប្រធានាធិបតីអាមេរិកបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សក្នុងពេលត្រឹមប៉ុន្មានសប្ដាហ៍។ ចាប់តាំងពីលោកប្រធានាធិបតី Joe Biden វ័យ ៨១ឆ្នាំបានបោះបង់បេក្ខភាពរបស់ខ្លួនមក លោកស្រី Harris មានប្រៀបខ្លាំងប្រឆាំងនឹងលោក Trump នៅក្នុងការស្ទង់មតិថ្នាក់ជាតិ និងនៅក្នុងបណ្ដារដ្ឋប្រទាញប្រទង់។

ចំនួន ៧៣ភាគរយ នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះពីបក្សប្រជាធិបតេយ្យនៅក្នុងការស្ទង់មតិរបស់ Reuters/Ipsos បាននិយាយថា ពួកគេកាន់តែរំភើបចំពោះការបោះឆ្នោតនៅក្នុងខែវិច្ឆិកា បន្ទាប់ពីលោកស្រី Harris បានចូលរួមប្រកួតប្រជែង។ ប៉ុន្តែអ្នកបោះឆ្នោតខាងលោក Trump ក៏បានសម្តែងការសាទរចំពោះបេក្ខជនរបស់ពួកគេផងដែរ ដោយមាន ៦៤ភាគរយ និយាយថាពួកគេគាំទ្រលោក Trump ដោយការពេញចិត្ត មិនមែនដោយសារការប្រឆាំងនឹងលោកស្រី Harris ទេ៕