អង្គការសុខភាពពិភពលោក៖ អ៊ីស្រាអែលនិងក្រុមហាម៉ាស ឯកភាពផ្អាកប្រយុទ្ធរយៈពេលខ្លីតាមទីតាំងទុកឱកាសឱ្យចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង

មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានយល់ព្រមលើការផ្អាកការប្រយុទ្ធរយៈពេលបីថ្ងៃដាច់ដោយឡែកពីគ្នានៅតាមទីតាំងនៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីទុកឱកាសឱ្យចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដល់កុមារប្រមាណ៦៤០.០០០នាក់។

លោក រីគ ពីភើកន (Rik Peeperkorn) មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកប្រចាំដែនដីប៉ាឡេស្ទីន បាននិយាយថា យុទ្ធនាការចាក់ថ្នាំវ៉ាក់សាំង នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយការផ្អាកប្រយុទ្ធនឹងធ្វើឡើងចន្លោះម៉ោង៦ព្រឹក និង៣ល្ងាចម៉ោងក្នុងស្រុកនៅថ្ងៃនោះ។

លោកបាននិយាយថា យុទ្ធនាការនេះនឹងចាប់ផ្តើមនៅភាគកណ្តាលដែនដីហ្កាហ្សា ដោយមានការការផ្អាកប្រយុទ្ធរយៈពេលបីថ្ងៃ ក្រោយមកទៅកាន់ទីតាំងភាគខាងត្បូងហ្កាហ្សា ជាកន្លែងដែលមានការផ្អាករយៈពេលបីថ្ងៃទៀត បន្ទាប់មកនៅភាគខាងជើងហ្កាហ្សា។លោកបានបន្ថែមថា មានកិច្ចព្រមព្រៀងមួយដើម្បីពង្រីកការផ្អាកប្រយុទ្ធសម្រាប់មនុស្សធម៌នៅក្នុងតំបន់នីមួយៗដល់ថ្ងៃទីបួនប្រសិនបើចាំបាច់។ខណៈសង្រ្គាមនៅតែបន្តប្រជាជនហ្កាហ្សាត្រូវរស់នៅក្នុងស្ថានភាពបរិស្ថានមិនល្អ ឡោមព័ទ្ធដោយសំរាម និងទឹកស្អុយ ព្រមទាំងខ្វះអាហាររូបត្ថម្ភ ជាដើមចមឲ្យកើតជំងឺនេះ។

WHO បានបញ្ជាក់កាលពីថ្ងៃទី ២៣ ខែសីហាថា យ៉ាងហោចណាស់ទារកម្នាក់បានពិការដោយសារជំងឺស្វិតដៃជើងប្រភេទទី ២ ជាករណីបែបនេះលើកដំបូងនៅក្នុងដែនដីនេះក្នុងរយៈពេល២៥ ឆ្នាំ៕