ចិន៖ ក្ដីសង្ឈឹម នៃការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ កំពុងត្រូវបានបំផ្លាញ

រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) បាននិយាយនៅថ្ងៃអាទិត្យ (០២ មិថុនា) នេះថា ការរំពឹងទុកនៃ «ការបង្រួបបង្រួម» ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ កំពុងត្រូវបាន «បំផ្លាញ» កាន់តែខ្លាំងឡើងដោយពួកផ្តាច់ខ្លួន និងកងកម្លាំងខាងក្រៅរបស់កោះតៃវ៉ាន់ ដោយសន្យាថា ចិននឹងធានាថាឯករាជ្យភាពតៃវ៉ាន់ មិនកើតឡើងឡើយ។

ប្រទេសចិន បានចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិ ហើយកាលពីខែមុន បានរៀបចំហ្គេមសង្គ្រាមជុំវិញកោះនេះដោយកំហឹងក្រោយពិធីឡើងកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) កាលពីថ្ងៃទី២០ ឧសភា ដែលទីក្រុងប៉េកាំង ហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់»។

ថ្លែងនៅក្នុងសន្និសីទ កិច្ចសន្ទនា សាំងគ្រី-ឡា (Shangri-La) នៅប្រទេសសិង្ហបុរី លោក តុង បាននិយាយថា កោះតៃវ៉ាន់គឺជា «បញ្ហាស្នូល» សម្រាប់ប្រទេសចិន ប៉ុន្តែគណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ កំពុងបន្តស្វែងរកការផ្ដាច់ខ្លួនជាបណ្តើរៗ ហើយងាកទៅរកការលុបបំបាត់អត្តសញ្ញាណចិន។

លោកបានចោទប្រកាន់មហាអំណាចបរទេសពីការជ្រៀតជ្រែកក្នុង «បញ្ហាក្នុងស្រុក» និង «ការពង្រឹងក្រុមផ្តាច់ខ្លួនតៃវ៉ាន់»។ លោក តុង បានបន្ថែមថា ខណៈពេលដែលប្រទេសចិន បានប្តេជ្ញាចិត្តក្នុងការបង្រួបបង្រួមជាតិដោយសន្តិវិធីជាមួយតៃវ៉ាន់ កងទ័ពរំដោះប្រជាជនចិន «នឹងនៅតែជាកម្លាំងដ៏រឹងមាំសម្រាប់រក្សាការបង្រួបបង្រួមជាតិឡើងវិញ»៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *