ប្រធានាធិបតីអ៊ុយក្រែន ស្វះស្វែងរកការគាំទ្រកិច្ចប្រជុំសន្តិភាព ក្នុងកិច្ចសន្ទនាសាំងគ្រីឡា នៅសិង្ហបុរី

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodomyr Zelenskiy) បានប្រាប់បណ្ដាប្រមុខរដ្ឋនៅក្នុងកិច្ចសន្ទនា សាំងគ្រី-ឡា (Shangri-La) នៅថ្ងៃអាទិត្យ (០២ មិថុនា) នេះថា ជំនួបការទូត នៅក្នុងទម្រង់នៃកិច្ចប្រជុំសន្តិភាពនៅប្រទេសស្វីស ក្នុងខែនេះ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់ «សង្រ្គាមដ៏ឃោរឃៅ» ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២ មក។

នៅក្នុងសុន្ទរកថា និងសំណួរ-ចម្លើយក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ ឬហៅថា កិច្ចសន្ទនាសាំងគ្រីឡា នៅប្រទេសសិង្ហបុរី លោក ហ្ស៊េឡិនស្គី បាននិយាយថា ប្រទេស និងអង្គការចំនួន ១០៦ បានចុះហត្ថលេខាចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស ប៉ុន្តែបានបញ្ជាក់ថា លោកមានការខកចិត្តដែលមេដឹកនាំពិភពលោកមួយចំនួនមិនទាន់ផ្តល់ការគាំទ្ររបស់ពួកគេ ខណៈដែលរុស្ស៊ី កំពុងព្យាយាមបង្អាក់កិច្ចប្រឹងប្រែងសន្តិភាពនេះ។

លោកក៏បានថ្លែងអំណរគុណដល់ប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូឡង់ សម្រាប់ជំនួយយោធារបស់ពួកគេ ជាពិសេសប្រព័ន្ធការពារដែនអាកាស។ លោក ហ្ស៊េឡិនស្គី បានលើកឡើងពីការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ជាមួយនឹងមីស៊ីលជិត ១០០ គ្រាប់ ដោយនិយាយថាការវាយប្រហារបែបនោះបានកើតឡើងរាប់រយដងមកហើយ ហើយថា «មិនមានប្រទេសណាមួយអាចដោះស្រាយរឿងនេះតែម្នាក់ឯងបានទេ»។

អ៊ុយក្រែន កំពុងប្រឈមនឹងការវាយប្រហារជាថ្មីពីកងកម្លាំងរុស្ស៊ី ជាពិសេសនៅជុំវិញទីក្រុង ខាគីវ (Kharkiv) ភាគឦសាន។ ថ្មីៗនេះ សហរដ្ឋអាមេរិក បានបន្ធូរបន្ថយការរឹតបន្តឹងលើការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ី ដែលក្រុមអ្នកជំនាញនិយាយថា នឹងជួយដល់ការវាយបករបស់អ៊ុយក្រែន៕