ឧត្តមសេនីយជាន់ខ្ពស់អ៊ុយក្រែន និយាយថា ស្ថានភាពលំបាកព្រោះការសម្រុកវាយប្រហារខ្លាំងក្លាពីរុស្ស៊ី

មេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនលោក អូឡិចសាន់ឌើរ ស៊ីស្គី (Oleksandr Syrskyi) បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ កញ្ញា ថា ស្ថានភាពគឺ លំបាកខ្លាំង ព្រោះការវាយប្រហារដ៏ធំរបស់រុស្ស៊ី ដែលផ្តោតលើភាគខាងកើតអ៊ុយក្រែន ប៉ុន្តែការសម្រេចចិត្តចាំបាច់ទាំងអស់កំពុងត្រូវបានធ្វើឡើង។

លោក ស៊ីស្គី ពុំបានផ្តល់ទីតាំងពិតប្រាកដនៃការវាយលុកធំៗរបស់រុស្ស៊ីនោះទេ ប៉ុន្តែមុននេះទាំងរូបលោក ទាំងលោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងវាយសន្ធាប់គោលដៅលើទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រ ប៉ូក្រូវស៍ (Pokrovsk) ។

លោក បាននិយាយនៅលើបណ្ដាញសង្គម Telegram ថា ស្ថានភាពគឺពិបាកក្នុងទិសដៅនៃការវាយប្រហារធំៗរបស់សត្រូវ។ប៉ុន្តែការសម្រេចចិត្តចាំបាច់ទាំងអស់នៅគ្រប់កម្រិតកំពុងត្រូវបានធ្វើឡើងដោយគ្មានការពន្យាពេល។

មេបញ្ជាការកំពូលរូបនេះ បាននិយាយកាលពីសប្តាហ៍មុនថាលោកបានចំណាយពេលជាច្រើនថ្ងៃនៅសមរភូមិមុខភាគខាងកើតនៅជិត ទីក្រុង ប៉ូក្រូវស៍ (Pokrovsk) ហើយបានរៀបរាប់សមរភូមិប្រយុទ្ធនៅទីនោះថា មានសភាពតឹងតែងណាស់។

ចំណែកនៅក្នុងតំបន់ឃើសរបស់រុស្ស៊ីវិញ មានសេចក្ដីរាយការណ៍ថា កងកម្លាំងរុស្ស៊ី បានរុលទៅមុខក្នុងថ្ងៃប៉ុន្មានថ្ងៃថ្មីៗនេះ គំរាមកំហែងដល់ការមានប្រៀបដែលអ៊ុយក្រែនបានវាយលុកក្នុងការវាយប្រហារឆ្លងព្រំដែនចូលតំបន់ឃើសរបស់រុស្ស៊ី៕