នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សូមការអភ័យទោសចំពោះការស្លាប់ចំណាប់ថ្នូរនៅហ្កាហ្សាអំឡុងរងសម្ពាធកាន់តែខ្លាំង

សម្ពាធអន្តរជាតិ និងក្នុងស្រុក បានកើនឡើងកាន់តែខ្លាំងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លើលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថាលោក Netanyahu ពុំបានធ្វើគ្រប់គ្រាន់ដើម្បីធានាឲ្យមានការដោះលែងចំណាប់ថ្នូរក្នុងដែនដីហ្កាហ្សា បន្ទាប់ពីការសម្លាប់ចំណាប់ខ្មាំង៦នាក់។

ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងផ្អាកការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីហានិភ័យច្បាស់លាស់ ដែលអាវុធទាំងនោះអាចត្រូវបានប្រើប្រាស់នៅក្នុងការបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបង្ហោះលើបណ្ដាញសង្គម X ថាលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ទីក្រុងឡុងដ៍្រ ដែលលោកបាននិយាយថាបានកើតឡើង នៅពេលយើងកាន់ទុក្ខចំណាប់ខ្មាំង ៦ នាក់ត្រូវបានប្រហារជីវិតដោយឈាមត្រជាក់ពីសំណាក់ក្រុមហាម៉ាស ក្នុងរូងក្រោមដីនៅហ្កាហ្សា ។

ក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ លោក Netanyahu បាននិយាយថា លោកបានស្វែងរកការសូមអភ័យទោសចំពោះការបរាជ័យក្នុងការជួយសង្គ្រោះអ្នកទាំង៦នាក់នោះ។ខ្ញុំសុំការអភ័យទោសពីអ្នកចំពោះការមិនអាចនាំពួកគេត្រឡប់មកវិញទាំងនៅមានជីវិតបាន។ក្រុមហាម៉ាស នឹងត្រូវសងយ៉ាងស័ក្ដិសមដ៏ធ្ងន់ចំពោះរឿងនេះ។

លោក អាប៊ូ អូបេដា (Abu Obeida) អ្នកនាំពាក្យរបស់កងពលតូចប្រដាប់អាវុធ អេហ្សឌីន អាល់ កាសាម(Ezzedine Al-Qassam Brigades) បាននិយាយថា ចំណាប់ខ្មាំងដែលនៅសេសសល់នឹងត្រលប់ទៅអ៊ីស្រាអែលវិញនៅក្នុងមឈូស ប្រសិនបើអ៊ីស្រាអែលបន្តសម្ពាធយោធារបស់ខ្លួនលើតំបន់ហ្កាហ្សាទៀតនោះ៕