ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខពីប៉ាម៉ានី សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច នៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ

ភ្នំពេញ: នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការី អញ្ជើញជាអធិបតីក្នុងកម្មវិធីសួរសុខទុក្ខពីប៉ាម៉ានី សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច ស្ថិតនៅភូមិស្រះស្តេច សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួប លោកគ្រូ អ្នកគ្រូ អ៊ំ ពូ មីង ដែលជាអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស។ ឯកឧត្តម បានរំលឹកអនុស្សាវរីយ៍ដែលធ្លាប់បានមកធ្វើការនៅស្រុកឧដុង្គ ដែលបច្ចុប្បន្នប្តូរមកជាក្រុងឧដុង្គម៉ែជ័យ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០១២មក នេះជាលើកទី១ហើយ ដែលបានមកដល់ភូមិព្រះស្តេចជួបជុំជាមួយបងប្អូន កូនក្មួយទាំងអស់គ្នា។ ឯកឧត្តមសង្ឃឹមថា ជំនួបនឹងមានជាបន្តបន្ទាប់នៅឱកាសក្រោយៗទៀត។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរចំពោះក្រុមការងារប៉ាម៉ានី ដែលបានប្រឹងប្រែងរៀបចំពិធីនាថ្ងៃនេះឡើង។ ឯកឧត្តមបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានប្រឹងប្រែងបណ្តុះបណ្តាលប្អូនៗ ដែលជាត្រពាំងស្នងឬស្សី និងជំរុញលើកទឹកដល់អាណាព្យាបាលឱ្យចូលរួមយកចិត្តទុកដាក់ និងតាមដានការសិក្សារបស់កូនៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តប្អូនៗឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលជោគជ័យក្នុងជីវិត ដោយឯកឧត្តមបានគូសបញ្ជាក់ពីគំរូវីរភាពរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដែលសម្តេចមានប្រវត្តិជាកូនកសិករ បានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ និងក្លាយជាថ្នាក់ដឹកនាំគំរូមួយរូបផងដែរ៕ អត្ថបទ: រដ្ឋា