អង់គ្លេស បញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅអ៊ីស្រាអែល ដោយបារម្ភពីការបំពានច្បាប់អន្តរជាតិ

រដ្ឋាភិបាលអង់គ្លេសនិយាយថា ខ្លួនកំពុងផ្អាកការនាំចេញអាវុធមួយចំនួនទៅអ៊ីស្រាអែល ព្រោះអាវុធទាំងនោះអាចនឹងត្រូវបានប្រើដើម្បីបំពានច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីការបរទេស លោក ដេវីត ឡាំមី (David Lammy) បាននិយាយកាលពីថ្ងៃចន្ទ (០២ កញ្ញា) ថា មាន «ហានិភ័យច្បាស់លាស់ណាស់» ដែលថាអាវុធមួយចំនួនអាចត្រូវបានប្រើប្រាស់ដើម្បី «ប្រព្រឹត្ត ឬសម្របសម្រួលការរំលោភធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ»។

លោក Lammy បានប្រាប់សមាជិកសភាពីការសម្រេចនេះទាក់ទងនឹងអាជ្ញាប័ណ្ណនាំចេញប្រហែល៣០ ក្នុងចំណោម ៣៥០អាជ្ញាប័ណ្ណទៅអ៊ីស្រាអែល ហើយថានេះមិនមែនជាការហាមឃាត់ ឬដាក់ទណ្ឌកម្មអាវុធទេ។ អង់គ្លេសស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តយូរអង្វែងរបស់អ៊ីស្រាអែលមួយចំនួនដែលកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងក្នុងការបញ្ឈប់ការនាំចេញអាវុធ ដោយសារតែចំនួនអ្នកស្លាប់ដ៏សន្ធឹកសន្ធាប់នៃសង្រ្គាមរយៈពេល ១១ខែនៅតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) កាលពីថ្ងៃចន្ទបានរិះគន់ការសម្រេចនេះដោយនិយាយថា លោកខកចិត្តយ៉ាងខ្លាំងជុំវិញទណ្ឌកម្មដែលដាក់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសលើអាជ្ញាប័ណ្ណនាំចេញដល់អង្គភាពវិស័យការពារជាតិរបស់អ៊ីស្រាអែល។

ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល ហើយក្រសួងសុខាភិបាលហ្កាហ្សានិយាយថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង ៤០.០០០នាក់នៅតំបន់ហ៊ុមព័ទ្ធនេះ។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថា អ្នកស្លាប់នៅហ្កាហ្សាភាគច្រើនជាស្ត្រី និងកុមារ៕