រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្តីពីភាពជាអ្នកដឹកនាំ « គួរធ្វើដូចម្តេច ទើបអាចចាត់ទុកថាជាអ្នកដឹកនាំពូកែបាន »

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ «គួរធ្វើដូចម្តេច ទើបអាចចាត់ទុកថាជាអ្នកដឹកនាំពូកែបាន» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៨១៥នាក់, នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការងារសុខភាពសាធារណៈនិងការងារព្យាបាលជំងឺនៅមន្ទីរពេទ្យរយៈពេល៣០ឆ្នាំកន្លងមក និងបានណែនាំរំលឹកមន្រ្តីសុខាភិបាល ឱ្យផ្តល់ការសង្រ្គោះជីវិតអ្នកជំងឺដោយប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ ការយល់ចិត្ត ការអាណិតអាសូរដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកយកបទបាឋកថាគន្លឹះ លើរបៀបដឹកនាំដែលមានឥទ្ធិពល ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធពលនៃសេវាសុខាភិបាលនៅកម្ពុជា។ អ្នកដឹកនាំក្នុងវិស័យសុខាភិបាលគួរ (១) រៀនធ្វើការដឹកនាំតាមគម្រូឪពុក/ម្តាយដឹកនាំកូនចៅ (២) មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អង្គភាព (៣) ចេះទាក់ទាញឱ្យបុគ្គលិក និងភាគីពាក់ព័ន្ធយល់ឃើញពីចក្ខុវិស័យ (៤) ចេះស្តាប់ការផ្តល់យោបល់ និងឈរលើការផ្តល់ប្រយោជន៍រួមដល់បុគ្គលិក អ្នកជំងឺ និងសង្គម (៥) ចូលរួមយ៉ាងសកម្មស្វែងរកដំណោះស្រាយនៅពេលជួបប្រទះឧបសគ្គក្នុងការងារ (៦) អ្នកដឹកនាំត្រូវមានការស្ម័គ្រចិត្តលះបង់ ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំដែលល្អ និង (៧) ធ្វើការដឹកនាំអង្គភាពឱ្យមានការរីកចំរើនជាលំដាប់តាមរយៈការប្រើនវានុវត្តន៍។

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ឋានានុក្រម សូមព្យាយាមធ្វើខ្លួនឱ្យក្លាយជាមេដឹកនាំដែលមានគុណភាព និងយកឈរលើមូលដ្ឋានថែទាំប្រជាជនជាធំ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ក៏បានចូលរួមធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ក្រោមប្រធានបទ “ការគ្រប់គ្រងអនាម័យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី” ដើម្បីកែលំអរបញ្ហាញែកសម្រាមវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យផងដែរ៕

អត្ថបទ រដ្ឋា