មនុស្សរាប់ពាន់នាក់ អុជទៀនតវ៉ាទាំងយប់ ទាមទារចំណាត់ការប្រឆាំងការរំលោភសម្លាប់វេជ្ជបណ្ឌិតនៅឥណ្ឌា

ការតវ៉ាដោយការអុជទៀន បានធ្វើឡើងនៅតាមដងផ្លូវនានាក្នុងទីក្រុង Kolkata កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ខណៈមនុស្សរាប់ពាន់នាក់ ចូលរួមការទាមទារយុត្តិធម៌ក្នុងករណីវេជ្ជបណ្ឌិតហាត់ការម្នាក់ដែលត្រូវបានរំលោភ សម្លាប់ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar ក្នុងរដ្ឋ West Bengal ប្រទេសឥណ្ឌា។

នៅទូទាំងតំបន់ផ្សេងៗនៃទីក្រុង Kolkata អ្នកចូលរួមបានប្រើប្រាស់ភ្លើងពិលទូរស័ព្ទ ទៀន និងពិល ដើម្បីបង្ហាញសាមគ្គីភាពរបស់ពួកគេក្នុងអំឡុងពេលបាតុកម្មទ្រង់ទ្រាយធំដែលឆ្លើយតបទៅនឹងព្រឹត្តិការណ៍សោកនាដកម្មនេះ។

វេជ្ជបណ្ឌិតទូទាំងប្រទេសបានតវ៉ាចាប់តាំងពីឧបទ្ទវហេតុកាលពីថ្ងៃទី ៩ ខែសីហា ពាក់ព័ន្ធនឹងការរំលោភរួចសម្លាប់លើវេជ្ជបណ្ឌិតហាត់ការជាស្ត្រីវ័យ៣១ឆ្នាំនៅមន្ទីរពេទ្យ Kolkata ដោយជំរុញឱ្យមានការអំពាវនាវជាថ្មី រឹតបន្តឹងច្បាប់សុវត្ថិភាពលើស្ត្រីកាន់តែតឹងរ៉ឹងនៅក្នុងប្រទេសឥណ្ឌា។

កាលពីថ្ងៃអង្គារ នគរបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បាននិយាយថា ខ្លួនបានចាប់ខ្លួនអតីតនាយកមហាវិទ្យាល័យពេទ្យ R.G. Kar នៅទីក្រុង Kolkata ពីបទពុករលួយ។

ការិយាល័យស៊ើបអង្កេតកណ្តាល (CBI) បាននិយាយថា លោក Sandip Ghosh ដែលបានលាលែងពីតំណែងជានាយកមហាវិទ្យាល័យ សម័យអាណានិគមអង់គ្លេសនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ប៉ុន្មានថ្ងៃបន្ទាប់ពីឧបទ្ទវហេតុរំលោភសម្លាប់ ក្រោមបទចោទប្រកាន់ពីភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ។

ការតវ៉ានៅតែបន្តរហូតមដល់ពេលនេះ ហើយពេលខ្លះត្រូវពើបប្រទះជាមួយការបង្ក្រាប និងការបំបែកពីកងកម្លាំងនគរបាលដោយរួមមានទាំងការប្រើការណុងបាញ់ទឹកជាដើម ៕