ក្រុមអ្នកតវ៉ាប្រឆាំងជប៉ុន ប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល ខណៈនាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចលាជាចុងក្រោយ

សកម្មជនរបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើបាតុកម្ម នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ ក្នុងទីក្រុងសេអ៊ូល ដើម្បីតវ៉ាចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។

សកម្មជនប្រមាណ២០នាក់ បានមកប្រមូលផ្តុំគ្នានៅខាងមុខការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដោយបានលើកស្លាកសញ្ញាមានសារនិយាយអំពីជម្លោះគ្របដណ្តប់លើទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។

ជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លោកKishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានរៀបចំឲ្យទំនាក់ទំនងត្រូវគ្នាវិញដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ក្នុងពេលមានជម្លោះផ្នែកការទូត និងពាណិជ្ជកម្មដ៏ជូរចត់ ជុំវិញការកាន់កាប់របស់ជប៉ុន នៅប្រទេសកូរ៉េ ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។

លោក Yoon និងលោក Kishida នឹងមានជំនួបកំពូលនៅរសៀលថ្ងៃសុក្រនេះ។ លោក Kishida ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅទីក្រុងតូក្យូវិញនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា។

យោងតាមការិយាល័យរបស់ លោក Yoon បានឱ្យដឹងថា មេដឹកនាំទាំងពីរ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីវិធីដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូរបស់ខ្លួន។

លោក Kishida បានប្រកាសថា លោកនឹងលាលែងពីតំណែងនៅខែកញ្ញា ហើយគណបក្សសេរីនិយមដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី ២៧ ខែកញ្ញា ដើម្បីជ្រើសរើសអ្នកបន្តតំណែងរបស់លោក។