កូរ៉េខាងត្បូង នឹងកែសម្រួលផែនការបង្កើនចំនួនចូលរៀននៅសាលាពេទ្យដ៏ចម្រូងចម្រាស

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ (០៦ កញ្ញា) នេះថា ខ្លួនបានបើកចំហរដើម្បីកែសម្រួលផែនការបង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យ ដែលបានបង្កឱ្យមានការតវ៉ាជាច្រើនខែដោយវេជ្ជបណ្ឌិតទូទាំងប្រទេស។

ការិយាល័យនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការពិភាក្សាលើកូតាសាលាវេជ្ជសាស្ត្រអាចចាប់ផ្តើមពីដំបូងទៅ ប្រសិនបើសហគមន៍វេជ្ជសាស្ត្រផ្ដល់យោបល់សមហេតុផល» ដែលក្នុងនោះការិយាល័យនេះបានជំរុញឱ្យសហគមន៍វេជ្ជសាស្ត្រពិភាក្សាពីជម្រើសផ្សេងៗជាច្រើន។ រដ្ឋាភិបាលធ្លាប់បាននិយាយថា ផែនការនេះនឹងមិនត្រូវបានដកមកវិញទេ។

គ្រូពេទ្យកម្មសិក្សាការីរាប់ពាន់នាក់ រួមទាំងអ្នកហាត់ការ និងគ្រូពេទ្យប្រចាំទីតាំង បានដើរចេញពីការងារកាលពីខែកុម្ភៈ ដើម្បីតវ៉ាចំពោះផែនការបង្កើនចំនួនចូលរៀននៃនិស្សិតពេទ្យ ២.០០០នាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៥ ដើម្បីដោះស្រាយអ្វីដែលគម្រោងរបស់អាជ្ញាធរនោះនិយាយថាជាកង្វះអ្នកជំនាញវេជ្ជសាស្ត្រធ្ងន់ធ្ងរ។

យោងតាមការស្ទង់មតិរបស់ស្ថាប័ន ហ្កាលូបកូរ៉េ (Gallup Korea) ដែលចេញផ្សាយនៅថ្ងៃសុក្រនេះបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកត្រូវស្ទង់មតិបានគាំទ្រការបង្កើនចំនួនចូលរៀននៅសាលាវេជ្ជសាស្ត្រនៅឆ្នាំ២០២៥នេះ ប៉ុន្តែ ៦៤ភាគរយនៃអ្នកឆ្លើយតបក៏បាននិយាយថា រដ្ឋាភិបាលដោះស្រាយស្ថានភាពនេះមិនបានល្អទេ ហើយអត្រាមិនគាំទ្ររបស់លោកប្រធានាធិបតី យូន សុកយ៉ុល (Yoon Suk Yeol) មានរហូតទៅដល់ ៦៧ភាគរយ៕